បណ្តាញសង្គម

ព្យុះ​វាយប្រហារ​ក្រុង​ឡូ​ប៊ី​តូ​ប្រទេស​អង់​ហ្គោ​ឡា​ស្លាប់​ជិត​70​នាក់​និង​ផ្ទះ​120​ខ្នង​ខូចខាត

ប្រភពព័ត៌មាន ពីបរទេសកាលពី ថ្ងៃទី១៥ មីនា ផ្សាយថា ចំនួនអ្នកស្លាប់ បាត់បង់ជីវិត ពីហេតុការណ៍ព្យុះវាយប្រហារ នៅក្រុង ឡូប៊ីតូ ប្រទេសអង់ហ្គោឡា បានកើនឡើង យ៉ាងតិចដល់ ៦៩នាក់ ដោយក្នុងចំនួននោះ មានកុមារសរុប ៣៦នាក់ ខណៈពេលអាជ្ញាធរ កំពុងមមាញឹក ក្នុងការស្វែងរក ជនរងគ្រោះដោយសារ ព្យុះបន្តទៀត ។

ព្យុះដែលបោកបក់ ទៅលើក្រុង ឡូប៊ីតូ បានកើតឡើង ជាបន្តបន្ទាប់ ចាប់តាំងពី ពាក់កណ្តាលសប្តាហ៍ កន្លងមក បង្កឱ្យមាន ទឹកជំនន់ និងបាក់ដី នៅក្នុងតំបន់ ជាច្រើន ក្នុងទីក្រុង ដែលស្ថិតនៅតាម បណ្តោយមហាសមុទ្រ អាត្លង់ទិក និងនៅខាងត្បូង ក្រុង លូអង់ដូ ប្រហែល ៥០០គីឡូម៉ែត្រ ។

ក្រៅពីនេះ ចំនួនអ្នកស្លាប់ បានកើនឡើង ដល់ចំនួន ៦៩នាក់ នៅក្នុងរបាយការណ៍ បញ្ជាក់ថា ព្យុះនេះក៏បង្កឱ្យ ផ្ទះសម្បែង របស់ពលរដ្ឋ ក្នុងក្រុង ឡូប៊ីតូ ត្រូវបំផ្លិចបំផ្លាញ ចំនួន ១១៩ខ្នង ខណៈផ្ទះចំនួន ៤៦ខ្នងទៀតបានរងការ ខូចខាតមួយផ្នែក ។ ស្របពេល ជាមួយគ្នានេះ ក៏នៅមាន សាលារៀនយ៉ាងតិច ៨កន្លែង ត្រូវបានបិទទ្វារ ព្រោះតែទឹកជន់លិច ។

អង់ហ្គោឡា បានជាប់ចំណាត់ថ្នាក់ ជាប្រទេសក្រីក្របំផុតមួយ នៅលើពិភពលោក ក្រោយពីប្រឈមមុខនឹង សង្គ្រាមដែលអូសបន្លាយ ពេលយូរទៅ ២៧ឆ្នាំ ចាប់តាំងពី ទទួលបានឯករាជ្យ ពីប្រទេស ព័រទុយហ្គាល់ កាលពីឆ្នាំ ១៩៧៥ ខណៈពេល សេដ្ឋកិច្ចរបស់ប្រទេស ក្នុងពេលបច្ចុប្បន្ន ត្រូវពឹងផ្អែកលើចំណូលពីការ នាំចេញប្រេង ច្រើនជាង ៩០% ៕

ដកស្រង់ពី ៖ កោះសន្តិភាព