បណ្តាញសង្គម

ជើងហោះហើរអន្តរជាតិឥណ្ឌា នៅតែផ្អាក រហូតដល់ថ្ងៃទី ៣១ ខែតុលា ដោយសារជំងឺកូវីដ ១៩

 មន្រ្តីក្នុងតំបន់ បានឲ្យដឹងកាលពីថ្ងៃពុធថា ជើងហោះហើរអន្តរជាតិពាណិជ្ជកម្មទៅកាន់ និងមកពីប្រទេសឥណ្ឌា នឹងនៅតែត្រូវបានផ្អាក រហូតដល់ថ្ងៃទី ៣១ ខែតុលា។

យោងតាមសារាចរ ដែលចេញដោយអគ្គនាយកដ្ឋានអាកាសចរស៊ីវិលរបស់ប្រទេស កាលពីល្ងាចថ្ងៃអង្គារ ការដាក់កំហិតនេះ នឹងមិនអនុវត្តចំពោះប្រតិបត្តិការដឹកទំនិញ និងជើងហោះហើរអន្តរជាតិទាំងឡាយណា ដែលត្រូវបានអនុម័តជាពិសេស ដោយអគ្គនាយកដ្ឋានអាកាសចរស៊ីវិលឡើយ។

ទោះយ៉ាងណា ជើងហោះហើរតាមកាលវិភាគអន្តរជាតិ អាចត្រូវបានអនុញ្ញាត នៅលើផ្លូវដែលបានកំណត់ ដោយអាជ្ញាធរមានសមត្ថកិច្ច តាមករណីនីមួយៗ។ ជើងហោះហើរពាណិជ្ជកម្ម ត្រូវបានផ្អាក នៅពេលដែលប្រទេសនេះ បានប្រកាសបិទខ្ទប់ប្រទេសទាំងស្រុង កាលពីចុងខែមីនា-ឆ្នាំមុន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។

ជើងហោះហើរក្នុងស្រុក បានចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅប្រទេសឥណ្ឌា កាលពីថ្ងៃទី ២៥ ខែឧសភាឆ្នាំមុន បន្ទាប់ពីផ្អាកអស់រយៈពេលជិតពីរខែ។ ក៏ប៉ុន្តែជើងហោះហើរអន្តរជាតិនៅតែបន្តផ្អាក។

ទោះយ៉ាងណាអាជ្ញាធរឥណ្ឌា បានបើកដំណើរការជើងហោះហើរអន្តរជាតិពិសេស ចាប់តាំងពីខែឧសភា-ឆ្នាំមុន និងស្ថិតក្រោមការរៀបចំ “ពពុះខ្យល់” ទ្វេភាគីជាមួយប្រទេស ដែលបានជ្រើសរើស ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២០ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ. ម្សិលមិញ។