ប្រទេសនីការ៉ាហ្គួ កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែធ្នូ) បានផ្តាច់ទំនាក់ទំនងការទូតដ៏យូរអង្វែងរបស់ខ្លួនជាមួយកោះតៃវ៉ាន់ ដោយប្តូរភក្តីភាពទៅទីក្រុងប៉េកាំង ក្នុងការទទួលស្គាល់គោលនយោបាយចិនតែមួយរបស់បក្សកុម្មុយនិស្តចិន និងកាត់បន្ថយសម្ព័ន្ធមិត្តអន្តរជាតិ ដែលកំពុងធ្លាក់ចុះរបស់ទីក្រុងតៃប៉ិ។
ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញជាភាសាអេស្ប៉ាញ និងអង់គ្លេសថា "រដ្ឋាភិបាលនៃសាធារណរដ្ឋនីការ៉ាហ្គួ ថ្ងៃនេះ បានផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ និងឈប់មានចំណង ឬទំនាក់ទំនងផ្លូវការ" ។
"ខ្លួន ទទួលស្គាល់ថា នៅលើពិភពលោកមានប្រទេសចិនតែមួយ។ សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងអស់ ហើយតៃវ៉ាន់គឺជាផ្នែក ដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីចិន"។
តៃវ៉ាន់ បានឆ្លើយតបយ៉ាងរហ័ស ដោយបង្ហាញពី "ការឈឺចាប់ និងការសោកស្តាយ" ចំពោះការសម្រេចចិត្តនេះ ហើយនិយាយថា ប្រធានាធិបតីរបស់ប្រទេសអាមេរិកកណ្តាល លោក Daniel Ortega បានមិនយកចិត្តទុកដាក់ចំពោះមិត្តភាពរវាងប្រជាជនតៃវ៉ាន់ និងនីការ៉ាហ្គួ។ ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់ ក៏បានសម្តែងការរឹងទទឹងផងដែរ។
ក្រសួងការបរទេសរបស់តៃវ៉ាន់ បាននិយាយថា "ក្នុងនាមជាសមាជិកនៃសហគមន៍អន្តរជាតិ តៃវ៉ាន់ មានសិទ្ធិផ្លាស់ប្តូរ និងអភិវឌ្ឍទំនាក់ទំនងការទូតជាមួយប្រទេសដទៃទៀត" ។ ប្រទេសចិន បាននិយាយថា តៃវ៉ាន់ គឺជាខេត្តមួយក្នុងចំណោមខេត្តរបស់ខ្លួន ដែលគ្មានសិទ្ធិក្នុងការប្រែក្លាយទៅជារដ្ឋមួយទេ ហើយបានបង្កើនសម្ពាធ ដើម្បីយកឈ្នះលើសម្ព័ន្ធមិត្ត ដែលនៅសេសសល់របស់តៃវ៉ាន់។
ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Zhang Jun បានសំដែងការអបអរសាទរដល់ប្រទេសនីការ៉ាហ្គួ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃសុក្រនេះ។