ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បាននិយាយថា រដ្ឋាភិបាលភាគច្រើននៃបណ្តាប្រទេសចំនួន 90 ដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ 2022 មិនបានជ្រើសរើសចូលរួមក្នុងការធ្វើពហិការការទូតនៃហ្គេមនេះទេ។
សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ស្ថិតក្នុងចំណោមប្រទេស ដែលទើបប្រកាសធ្វើពហិការការទូតហ្គេមប៉េកាំង ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី 4 ដល់ថ្ងៃទី 20 ខែកុម្ភៈ ជុំវិញកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសចិន -ជាជំហរ១ ដែលចិន ច្រានចោលថា ជា "ឥរិយាបថនយោបាយ"។
នៅក្នុងសហភាពអឺរ៉ុប ប្រទេសមួយចំនួន ដូចជាបារាំង បានស្វែងរកការឆ្លើយតបជារួមរបស់សហភាពអឺរ៉ុប ប៉ុន្តែប្លុកនេះ បានខ្វែងយោបល់គ្នា ថាតើត្រូវចូលរួមក្នុងការធ្វើពហិការការទូត ដោយភ័យខ្លាចការសងសឹករបស់ចិន ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មឬយ៉ាងណា។
ក្រុមសិទ្ធិមនុស្ស បានរិះគន់ IOC ជាយូរមកហើយ ដែលផ្តល់ហ្កេមដល់ប្រទេសចិនជាលើកទីពីរ បន្ទាប់ពីលក្ខខណ្ឌសិទ្ធិមនុស្ស ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងប៉េកាំងឆ្នាំ 2008 មិនមានភាពប្រសើរឡើង ។ កាលពីសប្តាហ៍មុន និស្សិតទីបេជាច្រើន បានដាក់ច្រវាក់ខ្លួនគេលើសង្វៀនអូឡាំពិក នៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ IOC នៅទីក្រុង Lausanne ដោយអំពាវនាវឲ្យមានការធ្វើពហិការហ្គេមអន្តរជាតិ។
ការតវ៉ាស្រដៀងគ្នានេះដែរ បានកើតឡើងក្នុងអំឡុងពិធីបំភ្លឺភ្លើងគប់នៃហ្គេម Beijing នៅទីក្រុង Olympia និង Athens បុរាណរបស់ប្រទេសក្រិក កាលពីខែតុលា នេះបើតាមការផ្សាយរបស់ CAN/Reuters នៅព្រឹកថ្ងៃព្រហ.នេះ។