លោកប្រធានាធិបតី Nana Akufo-Addo បាននិយាយកាលពីថ្ងៃពុធ (ថ្ងៃទី 30 ខែមីនា) នៅក្នុងសុន្ទរកថារដ្ឋនៃប្រជាជាតិរបស់លោកនៅក្នុងសភាថា ប្រទេសហ្គាណា នឹងចាប់ផ្តើមផលិតវ៉ាក់សាំង COVID-19 ដោយខ្លួនឯងនៅខែមករា ឆ្នាំ 2024។
"ច្បាប់ នឹងត្រូវបាននាំយកមកជូនប្រជាជនក្នុងពេលឆាប់ៗនេះ នៅក្នុងសភានេះសម្រាប់ការគាំទ្រ និងការយល់ព្រមរបស់ប្រជាជន សម្រាប់ការបង្កើតវិទ្យាស្ថានវ៉ាក់សាំងជាតិ"។
លោកប្រធានាធិបតីហ្កាណា បានបន្ថែមដោយមិនផ្តល់ព័ត៌មានលម្អិតទេថា វិទ្យាស្ថាននោះ នឹងដាក់ចេញនូវយុទ្ធសាស្ត្រមួយ ដែលអាចឱ្យប្រទេសអាហ្វ្រិកខាងលិច ចាប់ផ្តើមដំណាក់កាលដំបូងនៃការផលិតពាណិជ្ជកម្មក្នុងខែមករា ឆ្នាំ 2024 ។
រហូតមកដល់ពេលនេះ ប្រទេសហ្គាណា បានចាក់វ៉ាក់សាំងយ៉ាងពេញលេញប្រហែល 21.4% នៃប្រជាជនចំនួន 30 លាននាក់របស់ខ្លួន ប្រឆាំងនឹងមេរោគកូរ៉ូណា នេះបើយោងតាមទិន្នន័យរបស់ Reuters ។
រដ្ឋាភិបាលហ្កាណា បានលុបចោលការរឹតបន្តឹងមេរោគឆ្លង ដែលនៅសេសសល់ភាគច្រើន កាលពីចុងសប្តាហ៍ ដោយលើកឡើងពីការថយចុះនៃការឆ្លងយ៉ាងឆាប់រហ័ស និងយុទ្ធនាការចាក់ថ្នាំដែលទទួលបានជោគជ័យ។