សេតវិមាន បាននិយាយកាលពីថ្ងៃសៅរ៍កន្លងថា សហរដ្ឋអាមេរិក ខកចិត្ត ដែលនាយករដ្ឋមន្រ្តីនៃប្រទេសកោះសូឡូម៉ុន បានសម្រេចចិត្តនឹងមិនចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសដែនកោះតំបន់ប៉ាស៉ីហ្វិកជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលគ្រោងរៀបចំឡើងនៅថ្ងៃចន្ទនេះ។
លោកប្រធានាធិបតីអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលលើកទី២ជាមួយក្រុមមេដឹកនាំនៃប្រទេសដែនកោះប៉ាស៉ីហ្វិកនៅឯសេតវិមាន ខណៈវា គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់លោក ដើម្បីបង្កើនការចូលរួមពាក់ព័ន្ធនៅក្នុងតំបន់នេះ ដែលបច្ចុប្បន្នបានក្លាយជាតំបន់ភូមិសាស្រ្តនយោបាយដ៏សំខាន់មួយ ដែលទីក្រុងវ៉ាស៉ីនតោន កំពុងព្យាយាមប្រជែងដណ្តើមឥទ្ធិពលគ្នាជាមួយចិន។បើតាមប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ABC រដ្ឋមន្រ្តីការបរទេសសូឡូម៉ុន នឹងមកចូលរួមកិច្ចប្រជុំជំនួសវិញ។
សូមបញ្ជាក់ថា ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រកន្លង លោក នាយករដ្ឋមន្រ្តី Manasseh Sogavare បានលើកសរសើអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសចិន ហើយថាទីក្រុងប៉េកាំង គឺជាដៃគូហេដ្ឋារចនាសម្ព័ន្ធនាំមុខគេរបស់សូឡូម៉ុន នេះបើតាមការផ្សាយរបស់ AFP ។