ភ្នំពេញ៖ កំណាត់ផ្លូវបេតុង អាម៉េមួយខ្សែ ដែលមានប្រវែងជាង ៦ គីឡូម៉ែត្រ ដោយចាប់ពីមហាវិថីឈ្នះឈ្នះ រហូតដល់ផ្លូវលេខ៤២ ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការហើយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរដឹកទំនិញ និងកសិផលផ្សេងៗ ។
ពិធីសម្ពោធកំណាត់ផ្លូវ បេតុងអាម៉េ មួយខ្សែនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ នៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ នៅក្នុងឱកាសនោះថាៈ កំណាត់ផ្លូវ មួយខ្សែនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺសាធារណៈ តាមអមសងខាងផ្លូវ ថែមទៀតផង ។
កំណាត់ផ្លូវនេះ ពីដើម ជាផ្លូវតូចចង្អៀត ពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ដោយមើលឃើញពី ការលំបាកនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យមានការស្ថាបនាឡើង ជាបន្តបន្ទាប់ ហើយចុងក្រោយនេះ
បើទោះបីប្រទេសកម្ពុជា ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ក៏ដោយ កំណាត់ផ្លូវនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យស្ថាបនា ជាថ្មីឡើងវិញ ជាមួយនឹងការពង្រឹកផ្លូវ ឱ្យកាន់តែធំទូលាយ ជាងមុនទៀតផង។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច ពិសេស អាជ្ញាធរដែនដី ត្រូវមើលថែផ្លូវនេះ ឱ្យបានល្អ ពិសេស ពិនិត្យមើល លើការដឹកទំនិញ លើសទំងន់ ដូចជា ឡានដឹកដី ដឹកខ្សាច់ និងដឹកថ្មជាដើម ។
លោកបានបន្ថែមថាៈ ប្រទេសកំពុងអភិវឌ្ឍន៍ លោកមិនហាមឃាត់ ការដឹកជញ្ជូនទេ តែត្រូវដឹក ឱ្យបានសមស្រប កុំដឹកលើសទំងន់ ដែលច្បាប់បានកំណាត់ ដែលធ្វើឱ្យខូចផ្លូវ ប្រើប្រាស់មិនបាន យូរអង្វែង។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថាៈ ក្រោយផ្តល់ផ្លូវ ១ខ្សែនេះហើយ សម្តេចតេជោ ហ៊ុន សែន នៅបានសម្រេចផ្តល់ កំណាត់ផ្លូវ ១ខ្សែទៀត ចាប់ពីផ្លូវ១០៨០ នេះ ទៅផ្លូវលេខ៤២ ទៀត ដែលមានប្រវែង ១.៥០០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ ហើយបានប្រកាសបើក ការដ្ឋាន នាព្រឹកថ្ងៃទី១ មិថុនានេះ ជាមួយនឹងការបើកសម្ពោធ ផ្លូវលេខ១០៨០ នេះតែម្តង។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងដែរថាៈ កំណាត់ផ្លូវលេខ១០៨០នេះ លាតសន្ធឹង ចាប់ពីមហាវិថី ឈ្នះឈ្នះ រហូតដល់ផ្លូវលេខ៤២ ដោយឆ្លងកាត់សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ, សង្កាត់ស្នោ ខណ្ឌកំបូល
និង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានប្រវែង ៦.៤៩០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ ចាក់បេតុង កម្រាស់ ២០ សង់ទីម៉ែត្រ ដាក់លូ១ម៉ែត្រ សងខាង និងតំឡើងបង្គោលភ្លើង សងខាងផ្លូវផងដែរ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថាៈ កំណាត់ផ្លូវនេះ ពីមុន មានទទឹងត្រឹមតែ ៦ ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែពេលនេះ បានពង្រីកដល់ ១២ ម៉ែត្រ ដែលវានឹងក្លាយជាផ្លូវមេ សម្រាប់ធ្វើចរាចរ តភ្ជាប់ពី តំបន់លំនៅដ្ឋាន មកផ្សារទំនើប មជ្ឈមណ្ឌល ពាណិជ្ជកម្ម ការិយាល័យ និងវិថី បំរើឱ្យវិស័យ ទេសចរណ៍ និងការដឹកជញ្ជូន ផលិតផល មកផ្គត់ផ្គង់រាជធានីភ្នំពេញ។
ម្យ៉ាងវិញទៀត ផ្លូវលេខ១០៨០នេះ អាចធ្វើដំណើរទៅកាន់មហាវិថីឈ្នះឈ្នះ ផ្លូវលេខ៤២ អាចតទៅផ្លូវ Express Way ភ្នំពេញ-ក្រុងព្រះសីហនុ ឬក៏តភ្ជាប់ពីផ្លូវលេខ១៥១ ឆ្ពោះទៅភ្នំបាសិត ជាតំបន់ទេសចរណ៍ និងជាផ្លូវតភ្ជាប់ទៅផ្លូវលេខ៥១ រួចបែងចែកចរាចរណ៍ ទៅផ្លូវជាតិលេខ៤ ត្រង់ថ្នល់ទទឹង និងផ្លូវជាតិលេខ៥ ត្រង់ផ្សារឧដុង្គ។
លោកបានបញ្ជាក់ទៀតថាៈ កំណាត់ផ្លូវលេខ១០៨០ បានប្រើប្រាស់ពេល សាងសង់ ចំនួន ៥ខែ ដោយចាប់ផ្តើមការដ្ឋានសាងសង់ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ និងបញ្ចប់នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២៕
ដកស្រង់ពី៖ រស្មីកម្ពុជា