ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារបានយ៉ាងល្អក្នុងឆ្នាំ២០២២កន្លងមកនេះ មានទាំងការអភិវឌ្ឍរាជធានីភ្នំពេញ ទាំងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ពិសេស គឺកិច្ចការពារ កិច្ចប្រជុំអាស៊ាន ដែលមានថ្នាក់ដឹកនាំកំពូលលំដាប់ពិភពលោកមកចូលរួម រហូតទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីជាតិ និងអន្តរជាតិ ។
ការកោតសរសើរបែបនេះរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើង ក្នុងកិច្ច ប្រជុំ សាមញ្ញ លើកទី ៤៤ របស់ ក្រុម ប្រឹក្សា រាជធានីភ្នំពេញ អាណត្តិ ទី ៣ក្រោម អធិបតីភាព លោក ម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សា រាជធានីភ្នំពេញ និង លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ នៅ ព្រឹក ថ្ងៃ ទី ១២ មករាឆ្នាំ២០២៣នាសាលារាជធានីភ្នំពេញ។
លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារគ្រប់ជំនាញ ក្នុងឆ្នាំ ២០២២កន្លងមកនេះ បានខិតខំបំពេញភារកិច្ចយ៉ាងសកម្មដោយទទួលបាននូវលទ្ធផល
និងស្នាដៃគួរ ជាទីមោទនៈ ជាក់ស្ដែងធ្វើឱ្យបានសម្រេចនូវស្នាដៃធំៗជាច្រើនដូចជា ការកែលម្អសោភ័ណភាព រាជធានីភ្នំពេញ ការសហការរៀបចំថែរក្សា ការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ដូចជាការធានាការពារ រាល់ពិធីបុណ្យជាតិ
និងព្រឹត្តិការណ៍អន្តរជាតិធំៗ ពិសេសកិច្ចប្រជុំអាស៊ាន ដែលមានថ្នាក់ដឹកនាំកំពូលលំដាប់ពិភពលោកមកចូលរួម និងទទួលបានការគាំទ្រពីជាតិ និងអន្តរជាតិ ជាពិសេសនៅពេលកិច្ចប្រជុំអាស៊ានលើកទី៤០ លើកទី៤១ កិច្ចប្រជុំវេទិកាអភិបាលក្រុង ASEAN ឆ្នាំ២០២២ កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន និងព្រឹត្តិការណ៍«បើកបិទ»ការប្រកួតកីឡា ជាតិបានល្អប្រសើរ។ល។
លោក ម៉ប់ សារិនបាន បន្តថា បើទោះបីនៅមានសេសសល់ជំងឺរាតត្បាតកូវីដ-១៩ និងផលវិបាកលេច ចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន តែការកសាងសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅបន្តអនុវត្ត គួរឱ្យកត់សម្គាល់
ដែលធ្វើឱ្យរាជធានីភ្នំពេញកាន់តែស្រស់បំព្រងមិនចាញ់ទីក្រុងនៃបណ្តាប្រទេស
ជឿនលឿនឡើយ ពិសេសក្រោយពីបើកដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញ សកម្មភាពគ្រប់វិស័យ បានផ្ដើមរស់រវើក ក្នុងនោះគួរកត់សម្គាល់ទេសចរណ៍ក្នុងស្រុកមានចលនាខ្លាំង ។
ចំពោះការងារបរិស្ថាន អនាម័យ និងការគ្រប់គ្រងសំណល់វិញ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញអោយរដ្ឋាករស្វ័យតគ្រប់គ្រងសំណល់រឹងសំរាមរាជធានីភ្នំពេញ ប្រមូល និងដឹកជញ្ជូនសំរាមបានស្អាតល្អ គិតជាមធ្យមបានប្រមាណ ៣ ៥៧៨ តោនក្នុងមួយថ្ងៃ៕
ដកស្រង់ពី៖ រស្មីកម្ពុជា