បាត់ដំបង៖ លោក សួន សុផលមុនី អ្នកយកព័ត៌មាន វិទ្យុអាស៊ីសេរី ប្រចាំភូមិភាគពាយ័ព្យ (បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ) បានលាឈប់ ពីការងាររបស់ខ្លួនហើយ បន្ទាប់ពីបម្រើការងារ នៅក្នុងអង្គភាពវិទ្យុបរទេស ផ្សាយជាខេមរភាសាមួយនេះ អស់ជាច្រើនឆ្នាំ។ ការលាឈប់នេះ ត្រូវបានលោក សួន សុផលមុនី អះអាងថា វិទ្យុ អាស៊ីសេរី លែងមានអព្យាក្រិត ជាពិសេសផ្សាយ ព័ត៌មានលំអៀង ទៅរកបក្សប្រឆាំង។
លោក សួន សុផលមុនី បានប្រកាសលាលែងពីការងារ ជាផ្លូវការ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤នេះ ដោយ មានការធ្វើសន្និសីទព័ត៌មាន ជូនក្រុមអ្នកព័ត៌មាន បើកកកាយនូវ ការមិនពេញចិត្តរបស់ខ្លួន ចំពោះអង្គភាពព័ត៌មានរបស់ វិទ្យុអាស៊ីសេរី ថែមទៀតផង។
នៅចំពោះមុខ ក្រុមអ្នកព័ត៌មានជាច្រើននាក់ មកពីតាមបណ្តាញព័ត៌មានផ្សេងៗ លោក សួន សុផលមុនី បានថ្លែងថា «ខ្ញុំមិនអាចបន្តការងារ នៅវិទ្យុនេះទៀតបានទេ ដោយវិទ្យុអាស៊ីសេរីនេះ ផ្សព្វផ្សាយព័ត៌មាន មិនអព្យាក្រិត ហើយ មាននិន្នាការ ទៅរកបក្សប្រឆាំង»។
លោក សួន សុផលមុនី បានថ្លែងទៀតថា មិនត្រឹមតែអង្គភាពព័ត៌មានទេ ដែលមិនអព្យាក្រិត មាននិន្នាការទៅរក បក្សប្រឆាំងនោះ សូម្បីតែលោក កឹម សុខា អនុប្រធាន គណបក្សសង្រ្គោះជាតិ ក៏មានអានុភាព ស្តីបន្ទោសឲ្យអ្នកព័ត៌ មានក្នុងអង្គភាពនេះដែរ។
បើតាម លោក សួន សុផលមុនី នៅអំឡុងខែមិថុនា គ្រាលោក កឹម សុខា ចុះទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បី ជួបពលករខ្មែរ ដែលថៃ ចាប់បញ្ជូនត្រឡប់មកវិញនោះ លោក កឹម សុខា បានស្តីបន្ទោសឲ្យរូបលោក ដែលមិនបាន ចុះទៅយកព័ត៌មាន។
លោក សួន សុផលមុនី បានចូលបម្រើការ នៅក្នុងវិទ្យុបរទេសផ្សាយ ជាខេមរភាសាក្រោមជំនួយ ពីព្រឹទ្ធសភាអាម៉េរិក RFA តាំងពីឆ្នាំ២០០៨ តែនៅព្រឹកថ្ងៃទី០៩ ខែកក្កដា លោកបានដាក់ពាក្យ លាឈប់ពីការងារ ជាផ្លូវការហើយ ទៅ កាន់ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ផ្សាយជាខេមរភាសា និងជាប្រធានការិយាល័យ វិទ្យុអាស៊ីសារី ប្រចាំនៅរាជធានីភ្នំពេញ។
លោក ជុន ច័ន្ទបុត្រ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃដដែលនេះថា លោកបានទទួលទូរស័ព្ទ ពីការលាឈប់របស់ លោក សួន សុផលមុនី ហើយ។ មូលហេតុនៃការលាឈប់ មិនត្រូវបានលោក ជុន ច័ន្ទ បុត្រ ទម្លាយឲ្យដឹងនោះទេ ដោយលោកអះអាងថា ចង់រក្សាកិត្តិយស កេរ្តិ៍ឈ្មោះ និងភាពថ្លៃថ្នូរ របស់លោក សួន សុផលមុនី ដែលធ្លាប់រួមការងារ ជាមួយគ្នាអស់ជាច្រើន ឆ្នាំមកនោះ។
ចំពោះការចោទប្រកាន់ថា វិទ្យុអាស៊ីសេរីមិនអព្យាក្រិត និងលំអៀង ទៅរកបក្សប្រឆាំង លោក ជុន ច័ន្ទបុត្រ បាន បញ្ជាក់ថា ក្នុងនាមជា អង្គភាពផ្តល់ព័ត៌មាន វិទ្យុអាស៊ីសេរីព្យាយាម ផ្សាយព័ត៌មានអព្យាក្រិត តម្លាភាព និងមិនមាន និន្នាការទៅកាន់ គណបក្សនយោបាយ ណាមួយនោះទេ។
លោក ជុន ច័ន្ទបុត្រ បានថ្លែងយ៉ាងដូច្នេះថា «វិទ្យុអាស៊ីសេរី ព្យាយាមផ្សព្វផ្សាយព័ត៌មាន ដោយអព្យាក្រិត ឥតលំអៀង មិនមានប្រកាន់ និន្នាការបក្សប្រជាជនកម្ពុជា ឬបក្សសង្រ្គោះជាតិនោះទេ»។
ឆ្លើយតបនឹង ការចោទប្រកាន់ថា លោក កឹម សុខា មានអានុភាពគ្រប់គ្រង ស្តីបន្ទោសឲ្យបុគ្គលិក បម្រើការនៅវិទ្យុអាស៊ីសេរីនោះ លោក ជុន ច័ន្ទបុត្រ ក៏បានថ្លែងបដិសេធ និងច្រានចោលផងដែរ។
លោក ជុន ច័ន្ទបុត្រ បានថ្លែងថា ក្នុងនាម លោក សួន សុផលមុនី ជាអ្នកយកព័ត៌មាន ប្រចាំភូមិភាគពាយ័ព្យមួយ ទាំងមូល នៅពេលវត្ត មានបក្សប្រឆាំងចុះទៅ ខេត្តបន្ទាយមានជ័យ ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន បែរជាមិនមាន ព័ត៌មាន ខាងអង្គភាព ក៏មានការណែនាំ បន្តិចបន្តួច។ «អត់មានពាក់ព័ន្ធជាមួយលោក កឹម សុខា នោះទេ»៕
ដកស្រង់ពី៖ ដើមអម្ពិល
តំណរភ្ជាប់៖ អ្នកព័ត៌មាន វិទ្យុអាស៊ីសេរី លោក សួន សុផលមុនី លាឈប់ពីការងារ ដោយចោទថា វិទ្យុអាស៊ីលំអៀងរកបក្សប្រឆាំង