បណ្តាញសង្គម

RMA ដាក់បង្ហាញ រថយន្ត Jaguar ស៊េរីថ្មី ៣ ម៉ូដែល នៅកម្ពុជា

ភ្នំពេញ៖ រថយន្តប្រណីត ចំនួន ៣ ម៉ូដែល រួមមាន រថយន្ត JAGUAR F-TYPE រថយន្ត JAGUAR XF និងរថយន្ត JAGUAR XJ ត្រូវបានក្រុមហ៊ុន អអិមអេ ខេមបូឌា ដែលទទួលសិទ្ធិ នាំចូល និង ចែកចាយផ្តាច់មុខ រថយន្តនេះ នៅកម្ពុជា ដាក់បង្ហាញនៅ សណ្ឋាគារ អ៊ីនធើខនទីនិនថល កាលពីយប់ម្សិលមិញ ស្របពេល ដែលទីផ្សាររថយន្ត ថ្មី នៅកម្ពុជា បានស្ទុះឡើងមួយកម្រិត ។

លោក សេង វឹង នាយកគ្រប់គ្រង ផ្នែករថយន្ត នៃក្រុមហ៊ុនអ អិម អេ ខេមបូឌា បានលើកឡើងថា រថយន្ត JAGUAR ទាំងនេះ ជាប្រភេទរថយន្តប្រណីត និងទំនើបបំផុត ដែលមានដើមកំណើត មកពីចក្រភពអង់គ្លេស ជារថយន្ត ដែលមាន រូបរាងស្រស់ស្អាត និងមានបំពាក់ដោយ បច្ចេកវិទ្យាពិសេស ដាច់គេ ក្នុងចំណោម រថយន្ត ដទៃទៀត។

បើតាមលោក ស្ទីវ ម៉ាទីន (Steve Martin) នាយកផ្នែក ធុរកិច្ចប្រចាំតំបន់ នៃក្រុមហ៊ុន ហ្គាវ៉ាអន្តរជាតិ ផលិតផល រថយន្ត Jaguar បានបញ្ជាក់ថា, រថយន្ត JAGUAR F-TYPE មាន២ម៉ូដែល គឺ៖ ម៉ូដែល F-TYPE COUPE និង ម៉ូដែលF-TYPE CONVERTIBLE ដែលក្នុងនោះ ចែកចេញជា ៣ប្រភេទម៉ាស៊ីនគឺ៖ ប្រភេទ3.0LV6 340 Supercharged ប្រភេទ3.0L V6 380 Supercharged និងប្រភេទ5.0L V8 550 Supercharged។

រថយន្តទាំងនេះ មានចំណុចពិសេសដូចជា មានប្រព័ន្ធរក្សាលំនឹង ពេលបើកបរ, មានបំពង់ស៊ីមាំងបែបស្ព័រ, ដំបូលកញ្ចក់កាត់ បន្ថយកំដៅថ្ងៃ, កន្ទុយរថយន្តរចនា ឡើងមានភាពស្រស់ស្អាត អាចជួយទប់លំនឹង រថយន្តពេលបើកបរក្នុង ល្បឿនលឿន, ប្រព័ន្ធហ្វ្រាំងសេរ៉ាមិច និង ប្រព័ន្ធបំពងសម្លេងលឺច្បាស់ ជាដើម។

រីឯរថយន្ត JAGUAR XF មាន៣ប្រភេទរួមមាន ប្រភេទ 2.0L I4 240 Turbocharged Petrol ប្រភេទ3.0L V6 340 Supercharged Petrol និងប្រភេទ5.0L V8 550 Supercharged Petrol ក្នុងនោះវាមាន លក្ខណៈ ពិសេសដូចជា ប្រព័ន្ធសម្រួលការបើកបរ, ប្រព័ន្ធរក្សា លំនឹងពេលបើកបរ , ប្រព័ន្ធវាស់សម្ពាធខ្យល់កង់, ភ្លើងមុខរថយន្តភ្លឺរេតាម ចង្កូត និងភ្លើងហ្វា កូត ដំណើរការដោយស្វ័យប្រវត្តិ, ពោងគម្របម៉ាស៊ីន, តួអាលុយមីញ៉ូម , ប្រព័ន្ធគ្រប់គ្រងល្បឿន ដោយស្វ័យប្រវត្តិ និង ប្រព័ន្ធបញ្ជាព័ត៌មាន និងការកំសាន្ត ផងដែរ។

សម្រាប់រថយន្ត JAGUAR XJ វិញ មានរូបរាងពីរបែប គឺ ប្រភេទ Standard Wheel Base និងប្រភេទ Long Wheel Base។ រថយន្តនេះ មានជម្រើសម៉ាស៊ីន ៤ប្រភេទដូចជា៖ ប្រភេទ2.0L I4 204 Turbocharged Petrol ប្រភេទ3.0L V6 340 Supercharged Petrol ប្រភេទ 5.0L V8 470 Supercharged Petrol និងប្រភេទ5.0L V8 510 Supercharged Petrol។

រថយន្ត JaguarXJ ស៊េរីថ្មី ត្រួវបានបំពាក់ នូវលក្ខណៈពិសេស ជាច្រើនដូចជា៖ អេក្រង់ Touch Screen ផ្នែកខាងមុខមានមុខងារ ពីរសំរាប់អ្នកបើកបរ និងអ្នកអង្គុយខាងមុខ, កៅអីម៉ាស្ស៉ាមុខ ក្រោយ , DVDចំនួនពីរ ផ្នែកខាងក្រោយទំហំ 10.2 អ៊ីង , តុសំរាប់ ដាក់កុំព្យួរទ័រ ផ្នែកខាងក្រោយ ដែលផ្តល់ភាពងាយស្រួល ក្នុងការបំពេញការងារ ពេលកំពុងធ្វើដំណើរ , ទ្វារស្រូប, សំណាញ់ ការពារកំដៅថ្ងៃ នៅផ្នែកខាងក្រោយ និង ចំហៀងអូតូម៉ាទិច, ប្រព័ន្ធរក្សាលំនឹងក្នុងពេលបើកបរ , ប្រព័ន្ធជំនួយ សម្រាប់ការចូលចត, ប្រព័ន្ធផ្តល់ដំណឹង ពេលមានរថយន្តជែង , ប្រព័ន្ធគ្រប់គ្រងរថយន្តតាមគ្រប់ស្ថានភាពផ្លូវ និងប្រព័ន្ធទំនើបៗផ្សេងទៀតជាច្រើន ។

ការនាំចូលរថយន្ត ប្រណិតទាំងនេះ នឹងជំរុញលក់រថយន្តថ្មីនៅកម្ពុជា ឱ្យកាន់តែកើនឡើង ខ្លាំងក្លាថែមទៀត ខណៈទីផ្សាររថយន្តថ្មី កំពុងកើនឡើងគួរឱ្យកត់សម្គាល់ នៅអំឡុងឆមាសទី១ ឆ្នាំ២០១៤នេះ ។ យោងតាម របាយការណ៍ ទំនិញចេញ ចូល របស់ក្រសួង ពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជាបាននាំចូលយានយន្តសរុប ៤៥៤ ២២៩ គ្រឿងគិតចាប់ពី ខែមករា ដល់ ខែមិថុនា ឆ្នាំនេះ គឺកើនឡើងប្រមាណ ១៣ ភាគរយបើធៀបរយៈពេល ដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែក ទឹកប្រាក់ចំណាយលើការ នាំចូលផលិតផលយានយន្ត សរុបមានជាង ៣៨៧ លានដុល្លារ ខណៈដែលទឹកប្រាក់ ចំណាយទិញយានយន្ត នៅក្នុងឆមាសទីមួយ កាលពីឆ្នាំមុនមាន ៣៣១ លានដុល្លារសហរដ្ឋអាម៉េរិក ៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល