បណ្តាញសង្គម

ព្រឹកនេះ ជាង៦០០នាក់ មកចូលរួមកម្មវិធីបើកសន្និសីទ និងពិព័រណ៍ បារខែម ក្រេបជញ្ជក់ចំណេះដឹងបច្ចេកវិទ្យាឌីជីថល នៅបាត់ដំបង

អាជីវករ អ្នកជំនួញ អ្នកបច្ចេកទេស និងសិស្សានុសិស្សប្រមាណ ៦០០នាក់ បានចូលរួមក្នុងកម្មវិធីបើកសន្និសីទ និងពិព័រណ៍ បច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីទិសពាយ័ព្យ “Barcamp DigiTech 2022” នៅឆ្នាំនេះ ដែលត្រូវបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃច័ន្ទ ទី១២ ខែធ្នូ ឯវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង។

សន្និសីទ និងពិព័រណ៍ បារខែម ប្រារព្ធនៅថ្ងៃទី ១២-១៣ ធ្នូ ២០២២ ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ៥ល្ងាច ដោយមានវាគ្មិន ៣៨រូប ដែលមានទេពកោសល្យ និងបទពិសោធន៍មកពីស្ថាប័នផ្សេងៗ មកចែករំលែកប្រធានបទចំនួន ៤៥ប្រធានបទ ជាមួយបទបង្ហាញខ្លី (Keynote) ចំនួន៣ កិច្ចពិភាក្សាចំនួន ១ និងស្ដង់ពិព័រណ៍ចំនួន ២៣ ពីបណ្ដារធុរកិច្ចថ្មី ព្រមទាំងកម្មវិធី Startup Huddle និងកម្មវិធី DigiCheck ជាដើម។

ជាមួយគោលបំណងផ្សព្វផ្សាយ ចែករំលែក ដែលប្រមូលផ្ដុំអ្នកនិយមចូលចិត្តបច្ចេកវិទ្យា ធុរកិច្ច ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ច និងអាជីវកម្មក្នុងតំបន់ ព្រឹត្តិការណ៍នេះ នឹងបើកទូលាយសម្រាប់ការចូលរួមរបស់សាធារណៈជនទូទៅជាពិសេសសហគ្រិន តំណាងក្រុមហ៊ុន សមាគមន៍ និងសិស្សនិសិ្សត ដើម្បីអាចទទួលបានការយល់ដឹងបន្ថែមពីបច្ចេកវិទ្យា និងជំនាញឌីជីថល។ ដូច្នេះអ្នកចូលរួមត្រូវពិនិត្យមើល និងស្វែងរកប្រធានបទដែលខ្លួនពេញចិត្តដើម្បីចូលរួមស្ដាប់តាមបន្ទប់ តាមម៉ោង និងប្រធានបទនីមួយៗ។

ដើម្បីស្វែងរកប្រធានបទ អ្នកចូលរួមអាចមើលនៅលើផ្ទាំងតារាងប្រធានបទដែលអ្នករៀបចំកម្មវិធីបានបិទក្នុងបរិវេណកម្មវិធី ឬមើលប្រធានបទទាំងអស់។

ដកស្រង់ពី៖Sabay