បណ្តាញសង្គម

ទេសរដ្ឋមន្ដ្រី គន់ គីម និងអភិបាលខេត្តត្បូងឃ្មុំ បន្តនាំយកសម្ភារៈចាំបាច់មួយចំនួនបន្ថែមទៀត ផ្តល់ជូនពលរដ្ឋជាង១ពាន់គ្រួសារ ស្នាក់នៅលើទីទួលសុវត្ថិភាព ក្រោយរងគ្រោះដោយទឹកជំនន់

នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ

អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុកត្បូងឃ្មុំ លោក សេង ខឿន បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋ ជាង១ពាន់គ្រួសារដែលជម្លៀសមកស្នាក់នៅលើទីទួលសុវត្ថិភាព ក្នុងឃុំទន្លេបិទ និងឃុំជីរោទ៍ទី១ ក្នុងស្រុកត្បូងឃ្មុំ ។

ជាមួយគ្នានោះ បានបន្តធ្វើដំណើរតាមទូក ទៅសួរសុខទុក្ខបងប្អូនប្រជាពរដ្ឋ ដែលកំពុងស្នាក់នៅលើផ្ទះ ដែលទឹកលិចនៅខាងក្រោម និងសំណូមពរឲ្យបងប្អូន បម្លាស់ទីមកស្នាក់នៅទីទួលសុវត្ថិភាព ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា កម្ពស់ទឹកជំនន់នៅខេត្តត្បូងឃ្មុំ បានលើសកម្រិតប្រកាសអាសន្ន ក៍ដូចជាបន្តឡើងថែមទៀត ជាពិសេសនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ នឹងមានព្យុះចំនួនពីរទៀត ដែលប្រទេសកម្ពុជានឹងទទួលរងសម្ពាធ ដូច្នេះនឹងបង្កហានិភ័យដល់បងប្អូន។

ក្នុងឱកាសជួបសំណេះសំណាលនៅលើទីទួលសុវត្ថិភាពនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានទទួលនិងប្រគល់សម្ភារៈមួយចំនួន ដែលឧបត្ថម្ភដោយអង្គការការីតាសកម្ពុជា រួមមាន ទូកចំនួន៤គ្រឿង ម៉ាស៊ីនទូក១គ្រឿង ស៊ីទែនទឹក២ បង្គន់៤ ធុងចម្រោះទឹកស្អាតចំនួន២ធំៗ និងតង់ខៀវចំនួន១២៥តង់ ដែលជាការរួមចំណែកលើការងារមនុស្សធម៍។

ដោយឡែក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់ជូនតង់ ចំនួន៤០០តង់ សម្រាប់ជួយសម្រាលដល់បងប្អូនប្រើប្រាស់ប្រចាំថ្ងៃ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក្នុងនាមតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ បានកោតសរសើរអាជ្ញាធរខេត្ត និងស្រុកផងដែរ ក្នុងការងារសង្រ្គោះទាន់ពេលវេលា មិនឲ្យប្រជាជនណាម្នាក់គ្រោះថ្នាក់ឡើយ។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណដល់ អង្គការការីតាសកម្ពុជា ដែលតែងតែចូលរួមសហការគាំទ្រជាប្រចាំ ពេលមានគ្រោះមហន្តរាយម្តងៗ និងថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល តាមរយៈមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដោយមានការពិនិត្យនិងតាមដានផ្ទាល់ ពីលោកកែវ វណ្ណៈ ប្រធានមន្ទីរ បានចាត់ឲ្យមានពេទ្យប្រចាំការនៅទីទួលសុវត្ថិភាពពេញ ២៤ ម៉ោង ដើម្បីត្រៀមជួយព្យាបាលជំងឺដង្កាត់ផ្សេងៗជូនពលរដ្ឋ ជាពិសេសដើម្បីសង្គ្រោះឲ្យបានទាន់ពេលវេលា៕