នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ភូមិចំនួន៦ ស្មើនឹង៣.៤៨៤ក្បាលដី ស្ថិតនៅឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ
ជូនបងប្អូនប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យនិងកែតម្រូវឡើងវិញចំនួន១៥ថ្ងៃ ក្រោយបញ្ចប់ការវាស់វែងជាស្ថាពរ ក្រោមវត្តមានលោក ងួន ប៉ុណ្ណាន អភិបាលស្រុកអូរាំងឪ និងលោក ហ៊ីង ស៊ីថា អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយករងចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តត្បូងឃ្មុំ ព្រមទាំងអាជ្ញាធរឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ថ្លែងនាឱកាសនោះ លោក ហ៊ីង ស៊ីថា អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត បានលើកឡើងថា ៖ បើទោះបីក្រុមការងារវាស់ចុះបញ្ជី សម្រង់ទិន្នន័យយ៉ាងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ប៉ុន្តែនៅតែមានចន្លោះប្រហោង ត្រង់ថាពេល វាយបញ្ចូលទិន្នន័យលេខក្បាលដី ឬឈ្មោះ ចូលក្នុងកុំព្យូទ័រ ក៏នៅតែមានកំហុសឆ្គងមួយ ឬពីរដែរ ទើបតម្រូវឲ្យគណៈកម្មាធិការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យ នៃកម្មវិធីអនុវស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ ក៏ដូចជាគណៈកម្មាធិការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យ នៃកម្មវិធីអនុវស័យរដ្ឋបាលដីធ្លីខណ្ឌ មានការបិទផ្សាយទិនិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិឆ្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ដើម្បីប្រជាពលរដ្ឋមកត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញឲ្យត្រូវអត្តសញ្ញាណប័ណ្ណ ក្នុងរយៈពេល១៥ថ្ងៃ ក្នុងករណីឃើញថា ត្រឹមត្រូវហើយសាម៉ីខ្លួនត្រូវផ្ដិតមេដៃទទួលស្គាល់ តែបើឃើញមិនត្រឹមត្រូវ សាម៉ីខ្លួនអាចដាក់ពាក្យជាមួយមន្ត្រីជំនាញ ដើម្បីស្នើសុំធ្វើការកែតម្រូវឡើងវិញ។
លោក ងួន ប៉ុណ្ណាន អភិបាលស្រុកអូរាំងឪ បានឲ្យដឹងថា ៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ព្រោះការបិទផ្សាយជាសាធារណៈនេះ ស្ថិតក្នុងដំណាក់មួយនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងឈានដល់ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ ដែលជាការរួមចំណែកកាត់បន្ថយជម្លោះដីធ្លី សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការ ពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។
លោក ងួន ប៉ុណ្ណាន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជួយផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានដឹង ដើម្បីឲ្យគាត់នាំគ្នាមកពិនិត្យទិន្នន័យក្បាលដីរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីឲ្យមន្ត្រីជំនាញពិនិត្យនិងកែសម្រួលឡើងវិញ ព្រោះមានរយៈពេលកំណត់តែ១៥ថ្ងៃ គឺគិតចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះតែប៉ុណ្ណោះ។ បើតាមរបាយការណ៍របស់ លោក យិន ពៅ ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យស្រុកអូរាំងឪ បានឲ្យដឹងថា ៖ ក្រុមការងាររបស់បានធ្វើការបិទប្រកាសផ្សព្វផ្សាយ នូវទិន្នន័យជាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកអូរាំងឪ ចំនួន០៦ភូមិ គឺភូមិបន្ទាយមៀន ព្រៃសំបួរលិច ព្រៃសំបួរកើត បឹងកណ្ដាល បឹងជើង និងភូមិកន្លែងចក ដែលមានក្បាលដីសរុបចំនួន៣៤៨៤ក្បាលដី ក្នុងនោះរួមមាន ៖ ភូមិបន្ទាយមៀន មានចំនួន៥៧៣ក្បាលដី ភូមិព្រៃសំបួរលិច មានចំនួន១៤៤៥ក្បាលដី ភូមិព្រៃសំបួរកើត មានចំនួន៣៩៤ក្បាលដី ភូមិបឹងកណ្ដាល មានចំនួន២៣១ក្បាលដី ភូមិបឹងជើង មានចំនួន១២៩ក្បាលដី និងភូមិកន្លែងចក មានចំនួន ៧១២ក្បាលដី។