ត្បូងឃ្មុំ៖ ដោយមានការបាក់ស្រុត ច្រាំងទន្លេ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃនេះ ដែលនេះចាត់ទុកជា គ្រោះមហន្តរាយ ដ៏ធំមួយ ដែលមិនធ្លាប់មានពីមុនមក នៅក្នុងទឹកដីស្រុកក្រូចឆ្មារ គឺ នៅឃុំបីុស១ និង ឃុំបីុស២ ដែលមានប្រវែង រហូតដល់ទៅ ១៧០០ម៉ែត្រ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន១០០ខ្នង ធ្លាក់ចូលទឹកទន្លេ ៥ខ្នង រីឯ ២៥ខ្នងទៀត កំពុងរុះរើជាបន្ទាន់ និង ៦៨ខ្នង កំពុងប្រឈមនឹងការរុះរើ។
ប្រភពព៍ត៌មាន បានបន្តទៀតថា មានផ្ទះ ចំនួន២ខ្នង បានរំកិលហើយ ចំណែក កងអន្តរាគមន៍ នគរបាល មានចំនួន ១៥០នាក់ យោធា ចំនួន ៦៤នាក់ អាវុធហត្ថ ចំនួន ១០២នាក់ អាវុធហត្ថខេត្តក្រចេះ ចំនួន ៣១នាក់ និងមន្ត្រីចំរុះ ៤០នាក់ ព្រមទាំងមានប្រជាពលរដ្ឋ មកជួយរុះរើ មកពីឃុំជំនីក ឃុំរកាខ្នុរ ឃុំស្វាយឃ្លាំង ឃុំប៉ឹស១ និងឃុំប៉ឹស២ សរុបប្រមាណចំនួន ២០០នាក់។
ឯកឧត្តម ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តនេះ បានជួលជាងផ្ទះ ២០នាក់ ហើយ ឯកឧត្តម នឹងអញ្ជើញមកពិនិត្យ នាម៉ោង ០៤ល្ងាចនេះ ចំណែក អភិបាលខេត្តនេះផ្ទាល់ បានបញ្ជាទិញ បាតង់ ចំនួន១០០ ទំហំ ៤×៦ ម៉ែត្រ បានចាត់ចែង ឲ្យកងកម្លាំងអន្តរាគមន៍ ទាំងបី រៀបចំឲ្យមានសម្ភារៈដូចជា ដែកគាស់ ខ្សែពួរ ពូថៅ ។ល។