នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ នៅខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកជំងឺវិជ្ជមានកូវីដ១៩ថ្មី ចំនួន២នាក់ ( តេស្តរហ័ស ) រួមមាន ទី១-ឈ្មោះ សុខ គឹមសឿន ភេទស្រី
អាយុ៤៦ឆ្នាំ រស់នៅភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ២-ឈ្មោះ ជុត រ៉ាវុធ ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ អ្នកទាំង២ ក្រុមគ្រូពេទ្យបានដាក់ឲ្យសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែក នៃមន្ទីរពេទ្យព្រះនរោត្តសីហនុត្បូងឃ្មុំ (សួង) ។
ដោយឡែក បន្ទាប់ពីរកឃើញ និងដាក់ឲ្យសម្រាកព្យាបាល នៅយប់ថ្ងៃដដែលនេះ អ្នកជំងឺឈ្មោះ សុខ គឹមសឿន ៤៦ឆ្នាំ រស់នៅភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ វិជ្ជមានកូវីដ១៩ បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោងប្រមាណ២១ៈ១៨នាទី ទោះបីក្រុមគ្រួពេទ្យបានខិតខំជួយសង្គ្រោះយ៉ាងដុតដៃដុតជើងយ៉ាងណា ក៍មិនអាចតថ្លៃជាមួយមច្ចុរាជបាននោះដែរ ខណៈនេះជាករណីស្លាប់ទី១ ក្នុងខេត្តត្បូងឃ្មុំ។
បន្ទាប់ពីទទួលដំណឹង ភ្លាមៗ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានសំដែងនូវការសោកស្តាយចំពោះក្រុមគ្រួសារសព ក៍ដូចជាបានណែនាំឲ្យក្រុមគ្រូពេទ្យ និងអាជ្ញាធរ ចាត់ចែងរៀបចំរុំខ្ចប់សាកសព យកទៅបូជានៅទីបច្ឆាមរណៈដែលបានរៀបចំទុករួចជាស្រេចសម្រាប់អ្នកជំងឺដែលស្លាប់ដោយសារជំងឺកូវីដ១៩ ទៅតាមវិធានសុខាភិបាលភ្លាមៗផងដែរ៕