បណ្តាញសង្គម

ខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៥ ខួបលើកទី១០៤ ក្រោមប្រធានបទ « ដំណើរឆ្ពោះទៅមុខ ស្ត្រីកម្ពុជាក្រោមសន្មិសីទ ស្រ្តីពិភពលោក ឆ្នាំ១៩៩៥»

ត្បូងឃ្មុំ ៖ នៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៥ បានប្រារព្ធ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៥ ខួបលើកទី១០៤ ក្រោមប្រធានបទ « ដំណើរឆ្ពោះទៅមុខ ស្ត្រីកម្ពុជាក្រោម សន្មិសីទស្រ្តី ពិភពលោក ឆ្នាំ១៩៩៥  »

ក្រោមអធិបតីភាព លោកជំទាវ សាន្ត អារុណ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងដោយមានការអញ្ជើញ ចូលរួមពី លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត សិស្សានិសិស្ស និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

លោកស្រី រស់ សុភក្តិ ប្រធានមន្ទីរ កិច្ចការនារី បានឡើងអានព្រះរាជសារ សម្ដេចព្រះមហាក្សត្រី នរោត្ដមមុនី នាថសីហនុ បញ្ជាក់ថា៖ ទិវាអន្តរជាតិនារី បានប្រារព្ធឡើង ក្រោមប្រធានបទ « ដំណើរឆ្ពោះទៅមុខ ស្ត្រីកម្ពុជាក្រោម សន្មិសីទស្រ្តី ពិភពលោក ឆ្នាំ១៩៩៥ » ក្នុងគោលបំណង រំលឹកពីការតស៊ូរបស់នារី នៅទូទាំងសកលលោក ក្នុងការទាមទារសិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្ត សិទ្ធិស្មើសេរីភាព រវាងបុរស និងស្ដ្រី ក៏ជាពិនិត្យឡើងវិញ លើសមិទ្ធផលនានា ដែលកើតមាន ក្នុងរយៈពេល ២០ឆ្នាំក្រោយ សន្និសីទស្រ្តី ពិភពលោកឆ្នាំ១៩៩៥ និងធ្វើការបំផុសកៀរគរ ប្រជាពលរដ្ឋកម្ពុជា ឲ្យធ្វើការរួមគ្នា ដើម្បីឈានទៅ សម្រេចបាន សមភាព ពិតប្រាកដរវាងបុរស និងស្រ្តី ។

លោកជំទាវ សាន្ត អារុណ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ចំពោះតួនាទី របស់ស្ត្រីក្នុង ការចូលរួមចំណែក ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមជាតិ ជាពិសេសលើវិស័យ សេដ្ឋកិច្ចនយោបាយ និងការធ្វើ សេចក្តីសម្រេចចិត្ត តាមរយៈផ្តល់ឱកាស លើកទឹកចិត្តអោយ ស្ត្រីមានតួនាទី និងមុខតំណែង ថ្នាក់ក្រោមជាតិ រហូតថ្នាក់កំពូល ។

លោកជំទាវ មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់រៀបចំ ផែនការយុទ្ធសាស្ត្រ ក្នុងការបង្កើនចំនួន មន្ត្រីជាស្ត្រី ដើម្បីកាត់បន្ថយ ឲ្យបានជាអតិបរិ មានូវគម្លាតយេនឌឺរ ។ ម្យ៉ាងវិញទៀតពាក់ព័ន្ធ នឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈក្រសួង ក៏បានដាក់ចេញនូវ ផែនការ ជ្រើសរើសបន្ថែមមន្ត្រីជាស្ត្រី ដើម្បីចូលរួមគាំទ្រ ដល់ការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យបានកាន់តែល្អប្រសើរ ។

លោកជំទាវ សាន្ត អារុណ បានកោតសរសើរ ចំពោះមន្ទីរកិច្ចការនារី ដែលបាននិងកំពុង ខិតខំប្រឹងប្រែងជំរុញការ លើកកម្ពស់ សមភាពយេនឌ័រ ដើម្បីស្រ្តីបានទទួល នូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ តាមរយៈការកែប្រែឥរិយាបថ សង្គមឲ្យទទួលស្គាល់ និងចាត់ទុកស្រ្តី ជាដៃគូរដ៏សំខាន់ ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គម ដោយជួយជំរុញការកសាង និងអភិវឌ្ឍសមត្ថភាពស្ដ្រី ក៏ដូចជាការផ្ដល់ ឱកាសឲ្យស្រ្តី ចូលរួមប្រកបដោយ សមធម៌ក្នុងគ្រប់ការងារ និងក្នុងគ្រប់វិស័យ និងបន្តឲ្យការងារនេះ តទៅទៀត ដើម្បីសេចក្ដី សុខចម្រើនរបស់ប្រទេសជាតិ ។

បន្ទាប់ពី មានប្រសាសន៍ សំណេះសំណាលរួចមក លោកជំទាវ គណៈអធិបតី បានចែកអំណោយ ជូនដល់ចាស់ជរា កុមារកំព្រា ជនពិការ ក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់ ថវិការ ៤ម៉ឺនរៀលផងដែរ ៕