រាជធានីភ្នំពេញ ៖ មានករណីអ្នកភូមិប្រទះឃើញកាបូបស្ពាយមួយហើយសង្ស័យថាជារបស់ជនជាតិចិន ត្រូវបានជនមិនស្គាល់មុខយកទៅប្លុងចោលដោយពុំដឹងថាមានជាប់ពាក់ព័ន្ធនឹងករណីលួច, ឆក់ ឬប្លន់មកពីកន្លែងណានោះទេ ប៉ុន្តែត្រូវបានគេសង្ស័យថាក្រុមជនសង្ស័យរើកកាយយកតែលុយនិងរបស់មានតម្លៃរួចប្លុងកាបូបនេះចោល ហើយគេចខ្លួនបាត់ស្រមោល។
ពាក់ព័ន្ធនឹងករណីខាងលើនេះ មុនដំបូងត្រូវបាននគរបាលសន្និដ្ឋានថា កាបូបមួយខាងលើនេះគឺជារបស់ជនជាតិចិនដែលត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពឆក់កាបូបអស់ជិត២ម៉ឺនដុល្លារ កាលពីវេលាម៉ោង១១យប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខភោជនីយដ្ឋាន«សាន សាំង» នៅតាមមហាវិថីសហព័ន្ធរុស្សី ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែក្រោយពីធ្វើការការពិនិត្យ និងយកកាបូបខាងលើនោះទៅឲ្យជនរងគ្រោះមើលដោយផ្ទាល់ ទើបដឹងថាពុំមែនជារបស់ជនរងគ្រោះឡើយ ហើយត្រូវបាននគរបាលសន្និដ្ឋានថាគឺជាករណីមួយផ្សេងទៀត និងរកម្ចាស់កាបូបខាងលើមិនទាន់ឃើញនៅឡើយទេ។
ហេតុការណ៍អ្នកភូមិប្រទះឃើញកាបូបមួយត្រូវជនសង្ស័យប្លុងចោលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមផ្លូវលំ ក្នុងព្រៃឈើទាល ស្ថិតនៅខាងកើតវត្តជន្លង់ម្លូរ ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងកាបូបស្ពាយនោះមានកូនកាបូបស្ពាយចំហៀងចំនួន១, កូនកាបូបដៃដាក់លុយចំនួន២, លិខិតឆ្លងដែនចំនួន១, សៀវភៅការងារជនបរទេសចេញដោយក្រសួងការងារនៃព្រះរាជាណាចក្រកម្ពុជាចំនួន១សន្លឹក ព្រមទាំងសម្លៀកបំពាក់មួយចំនួនទៀត រីឯលុយគ្មានឡើយត្រូវបានគេសង្ស័យថាត្រូវជនសង្ស័យយកទៅបាត់ ។ នគរបាលបានកំណត់អត្តសញ្ញាណម្ចាស់កាបូបនេះនៅក្នុងលិខិតឆ្លងដែន និងសៀវភៅការងារដែលជាអក្សរឡាតាំងឈ្មោះ SUN GUOQING ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន ជាបុគ្គលិកក្រុមហ៊ុនSELF EMPLOYED ។
តាមប្រភពព័ត៌មានបានឲ្យដឹងបន្តថា នៅមុនពេលកើតហេតុ មានអ្នកភូមិបានធ្វើដំណើរឆ្លងកាត់ទីនោះ ស្រាប់តែប្រទះឃើញកាបូបមួយខាងលើ រួចក៏បានរាយការណ៍ជូនកម្លាំងប្រជាការពារភូមិឲ្យចុះទៅមើល លុះពេលចុះមកដល់ពិនិត្យឃើញជាក់ស្ដែង ទើបប្រជាការពារភូមិក៏បានរាយការណ៍បន្តជូននគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះឲ្យចុះមកយកកាបូបមួយខាងលើនេះទៅរក្សាទុក ដើម្បីស្រាវជ្រាវរកម្ចាស់ ។
ខណៈនោះនគរបាលបានសង្ស័យថាជារបស់បុរសជនជាតិចិនម្នាក់ដែលត្រូវជនសង្ស័យធ្វើសកម្មភាពឆក់កាបូបកាលពីវេលាយប់ថ្ងៃទី៤ កញ្ញា ព្រោះក្រោយពេលកើតហេតុ នគរបាលពុំទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ដោយសារតែពេលកើតហេតុភ្លាមៗនោះ ជនរងគ្រោះមិនទាន់បានទៅដាក់ពាក្យបណ្តឹងទាំងយប់នោះទេ។
តាមប្រភពព័ត៌មានបានបន្តទៀតថា លុះរហូតមកដល់វេលាព្រឹកថ្ងៃទី៥ ខែកញ្ញា ទើបបុរសជនជាតិចិនដែលរងគ្រោះបានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ហើយកម្លាំងនគរបាលធ្វើការពិនិត្យជាក់ស្ដែង និងឲ្យបុរសរងគ្រោះមើលកាបូបដែលជនសង្ស័យប្លុងចោលនោះដោយផ្ទាល់ ហើយបុរសរងគ្រោះបានបដិសេធនថា ពុំមែនជាកាបូបរបស់គាត់ឡើយ ព្រមទាំងបានប្រាប់នគរបាលថែមទៀតថា នៅក្នុងកាបូបរបស់គាត់ដែលត្រូវជនសង្ស័យឆក់យកទៅបាត់នោះមានលុយចំនួន១៧.០០០ដុល្លារ (មួយមុឺនប្រាំពីរពាន់ដុល្លារ) និងលិខិតឆ្លងដែន ព្រមទាំងឯកសារមួយចំនួនទៀតផងដែរ៕
ដកស្រង់ពី៖កោះសន្តិភាព