បណ្តាញសង្គម

ទូក​ទេសចរណ៍​២គ្រឿង​បើក​បុក​​គ្នា ភ្ញៀវ​ស្លន់​ស្លោ​គ្រប់គ្នា​

រាជធានីភ្នំពេញ ៖ អ្នកបើកកាណូតទេសចរណ៍២គ្រឿងបានឈ្លោះប្រកែកគ្នាលើផ្ទៃទឹក រហូតបើកកាណូតដេញបុកគ្នាហើយទាញពូថៅកាប់បំផ្លាញទូកម្ខាងទៀត បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច តាមមុខព្រះបរមរាជវាំង ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ។

សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គឺគេបានឃើញកាណូត២គ្រឿងជាប្រភេទកាណូតទេសចរណ៍ដែលចតនៅក្បែរគ្នា តែមិនដែលចេះត្រូវគ្នា ដោយម្ខាងៗចិត្តខ្លាំងរៀងខ្លួន ។

វាជាការពិតអ្នកមានរបរដូចគ្នានៅក្បែរគ្នាច្រើនតែមិនត្រូវគ្នា ។លុះពេលដែលកើតហេតុគឺគេបានឃើញម្ចាស់កាណូតទេសចរណ៍មួយគ្រឿងបានទាញពូថៅមកកាប់បំផ្លាញកាណូតទេសចរណ៍មួយគ្រឿងទៀតបណ្តាលឱ្យបាក់បង្កាន់ដៃកាណូតហើយក៏បើកកាណូត ទៅបុកបន្ថែមបណ្តាលឱ្យភ្ញៀវទេសចរនៅលើកាណូតទាំងអស់នោះភ័យស្លន់ស្លោរ ព្រោះខ្លាចធ្លាក់ទឹកទន្លេក៏បានរាយការណ៍ទៅសមត្ថកិច្ចខណ្ឌដូនពេញ ចុះមកអន្តរាគមន៍ដោយឃាត់ខ្លួនភាគីទាំងសងខាងទៅសាកសួរប៉ុស្តិ៍ជ័យជំនះដើម្បីធ្វើការដោះស្រាយគ្នា ។

បើតាមអ្នករកស៊ីក្បែរនោះបាននិយាយថា ម្ចាស់កាណូតបង្កហេតុ ធ្លាប់មកចតនៅទីនេះមុនហើយនៅតែមិនចង់ឱ្យគេចត កន្លែងដែលខ្លួនធ្លាប់ចតពីមុន ទើបកើតជាជម្លោះតែម្តងព្រោះមានះរៀងខ្លួន ។

ក្រោយពេលកើតហេតុខាងលើនេះ ដោយសារតែរឿងនេះមិនទាន់ចប់ក៏សមត្ថកិច្ចបញ្ចូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការដោះស្រាយគ្នា ។កម្លាំងនគរបាលប៉ុស្តិ៍ និងផ្នែកយុត្តិធម៌នៃអធិការដ្ឋានខណ្ឌដូនពេញ បានសហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់់ ក្នុងចំណោមបក្ខពួក២នាក់ គឺឈ្មោះ ហ៊ុន ចាន់លក្ខ ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ទូកទេសចរណ៍ ស្នាក់នៅផ្ទះលេខ៥ ផ្លូវលេខ១៧ ភូមិ៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

ការឃាត់ខ្លួននេះពីបទហិង្សាដោយចេតនា និងធ្វេីឱ្យខូចខាតដោយចេតនា ដោយសារបេីកទូកបំបុកទូកមួយទៀត និងយកពូថៅដែកវាយបំផ្លាញសម្ភារលើទូកនេសាទមួយ កាលពីថ្ងៃទី១៨ មិថុនា ២០២០ វេលាម៉ោង១៨និង៤០នាទី ។ បច្ចុប្បន្ន ជនសង្ស័យកំពុងធ្វេីការឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌដូនពេញ ដេីម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព