បណ្តាញសង្គម

ប្រទះឃើញសព ស្អុយរលួយ នៅស្រុក ព្រៃនប់ សង្ស័យជា អំពើឃាតកម្ម

ព្រះសីហនុ ៖ សពស្ដ្រីម្នាក់ ត្រូវបានប្រជា ពលរដ្ឋឃើញក្នុងសភាពស្អុយរលួយទៅហើយ នោះ កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅឃុំព្រៃនប់ ស្រុក ព្រៃនប់ ខេត្ដព្រះសីហនុ ដែលសមត្ថកិច្ច អះអាងថា គឺជាអំពើឃាតកម្ម ។

សពស្ដ្រីរងគ្រោះ ទាំងប្រជាពលរដ្ឋនិង សមត្ថកិច្ចមិនទាន់ស្គាល់ អត្ដសញ្ញាណនៅឡើយទេ ដោយបាននឹងកំពុង ធ្វើការស្រាវជ្រាវនិង ស្វែងរកសាច់ញាតិ ក្រុមគ្រួសាររបស់សពក្នុង គោលបំណងបន្ដស៊ើបអង្កេតអំពើឃាតកម្ម ដ៏សាហាវមួយនេះ ។

យោងតាមមន្ដ្រីនគរបាលព្រហ្មទណ្ឌស្រុក ព្រៃនប់ បានឱ្យដឹងថា នៅវេលាម៉ោងកើត ហេតុមានប្រជាពលរដ្ឋ បានប្រទះ ឃើញសព នៅចំណុចជាប់ព្រំចំការលោកលូ គឹមឈុន ស្ថិតក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ដោយ មានសភាពក្រៀមស្វិត ស្អុយរលួយទៅហើយ នោះ ។

មន្ដ្រីនគរបាលរូបនេះបានអះអាងថា ក្រោយពីទទួលបានព័ត៌មានរបស់ប្រជាពល រដ្ឋរួចមក សមត្ថកិច្ច មូលដ្ឋាននិងនគរបាល ជំនាញ បានចុះទៅកាន់ទីនោះដើម្បីធ្វើកោសល្យ វិច័យលើសព ។ តាមមន្ដ្រីនគរបាលស្រុកព្រៃនប់ក្រោយ ការធ្វើកោសល្យវិច័យរួចមក ជនរងគ្រោះ ជាមនុស្សស្រី ពុំមានសំលៀក បំពាក់ ជាប់ខ្លួន មានពាក់ស្រោមជើងទាំងសងខាង ត្រឹមក ជើងពណ៌បង្កង់ស ។

សាកសពដេកផ្ងាដៃ ទាំងពីរសណ្ដូកឡើងទៅលើ បាត់ប្រអប់ដៃ ខាងស្ដាំ ដៃឆ្វេងបាត់ត្រឹមកែងដៃ ជ្រុះសក់ អស់ បាក់ធ្មេញមុខ សាកសពមានសភាព ក្រៀមស្វិតនិងមាន កាច់មែកឈើគ្របពីលើ ទៀតផង ។

មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ទៀត ថា តាមការសន្និដ្ឋានជាជំហានដំបូង ជនរង គ្រោះស្លាប់ដោយសារអំពើ ឃាតកម្ម ក្នុងរយៈ ពេលមិនលើសពី២០ថ្ងៃ ប៉ុន្ដែមិនទាន់ស្គាល់ អត្ដសញ្ញាណនៅឡើយទេ ដោយបច្ចុប្បន្ន សមត្ថកិច្ចកំពុងអំពាវ នាវស្វែងរកសាច់ញាតិ ជនរងគ្រោះ ដើម្បីធ្វើការសួរនិងបន្ដស្រាវ ជ្រាវតាមចាប់ជនល្មើស យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ៕

                                                                        

ដកស្រងពី៖ដើមអម្ពិល