បណ្តាញសង្គម

​វាយ​កូន​បាល់​ថ្នាល​កម្ពុជា​ហាត់​ខ្លាំង​ត្រៀម​ចូលរួម​ School Games​ លើក​ទី៩​

យុវជនថ្នាលកីឡាវាយកូនបាល់កម្ពុជា៩រូប កំពុងហ្វឹកហាត់ខ្លាំងត្រៀមចេញទៅប្រកួតក្នុងកម្មវិធី ASEAN School Games លើកទី៩ នៅប្រទេសសិង្ហបុរីនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ។

លោក ឆាយ មនសិការ ដែលជាគ្រូបង្វឹកថ្នាលបានឲ្យដឹងថា សព្វថ្ងៃនេះយុវជនថ្នាលកីឡាវាយកូនបាល់កម្ពុជាកំពុងធ្វើការហ្វឹកហាត់ជារៀងរាល់ថ្ងៃ គឺចាប់ពីថ្ងៃចន្ទដល់សៅរ៍ ពេលព្រឹកពីម៉ោង ៨-១០ ឯរសៀលពីម៉ោង ២-៤។ ដោយមានការឧបត្ថម្ភពីក្រសួងទៀតនោះ លោកក៏បន្ថែមការហ្វឹកហាត់៣ថ្ងៃទៀតគឺថ្ងៃចន្ទ ពុធ និងសុក្រ ពីម៉ោង ៦ ដល់ ៧:៣០ នាទីព្រឹក។

គ្រូបង្វឹករូបនេះបន្តទៀតថា តាមរយៈការហ្វឹកហាត់ច្រើនរួមនិងការខិតខំរបស់ពួកគេផងនោះ ឃើញថាពួកគេមានការរីកចម្រើនខ្លាំងជាពិសេសគឺកម្លាំងតែម្ដង ព្រោះមានគ្រូមកពីក្រៅប្រទេសជួយបង្ហាត់ ហើយរាល់កម្មវិធីដែលដាក់មក លោកតែបង្កើនការហ្វឹកហាត់ទ្វេដងផងដែរ។ ចំពោះបច្ចេកទេសវិញលោកកំពុងបង្ហាត់បន្ថែមនិងខំប្រឹងឲ្យដូចហាត់កម្លាំងផងដែរ ហើយប្រសិនបើមានគ្រូបរទេសមកជួយបង្ហាត់ទៀតនោះរឹតតែប្រសើរថែមទៀត។

គ្រូបង្វឹកខាងលើបន្ថែមថា ប្រទេសដែលជាឧបសគ្គរបស់កម្ពុជានៅក្នុងកម្មវិធីប្រកួតនៅសិង្ហបុរីនេះ អាចថាប្រទេសថៃ ព្រោះមើលតាមបទពិសោធកន្លងមកប្រទេសមួយនេះ គេលេងបានល្អណាមួយគេចូលរួមកម្មវិធីមួយនេះយូរណាស់ហើយដែរ។

កម្ពុជានឹងបញ្ជូនកីឡាករ កីឡាការិនី ថ្នាល៩រូបចូលរួមប្រកួតក្នុងកម្មវិធី School Games លើកទី៩ នៅប្រទេសសិង្ហបុរី ដែលចាប់ផ្កើមឡើងនៅថ្ងៃទី១៤ ដល់ ២០ ខែកក្កដា ខាងមុខនេះ។ នេះជាលើកទី២ហើយសម្រាប់កម្ពុជាដែលបានចូលរួមក្នុងកម្មវិធីនេះ៕

ដកស្រង់ពី៖ Sabay