បណ្តាញសង្គម

ប្រធានតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ កែវ រ៉េមី ប្រជុំអន្តរជាតិពង្រីកវិសាលភាពបន្ថែម

ប្រធានសហព័ន្ធតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ឯកឧត្ដម កែវ រ៉េមី បើកកិច្ចប្រជុំអន្តរជាតិនៅខេត្តសៀមរាប កាលពីថ្ងៃសៅរ៍ ទី២៦ តុលា ២០១៩ ផ្ដោតលើ៣ចំណុចសំខាន់ៗជាការពង្រីកវិសាលភាពក្បាច់គុនមួយនេះបន្ថែមទៀត។

ឯកឧត្ដម កែវ រ៉េមី បានឲ្យដឹងថា កិច្ចប្រជុំតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍នេះគឺជាការប្រជុំប្រចាំឆ្នាំរបស់សហព័ន្ធ ក្នុងនោះគឺផ្ដោតលើកិច្ចការ៣ចំណុចធំៗ៖ទី១ ផ្ដោតលើការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២០ នៅកម្ពុជា ក្នុងនោះមានការប្រគល់ភារកិច្ចប្រធានគណៈកម្មការ ចៅក្រម ដែលជាស្ត្រី និងជាជនជាតិ ម៉ាឡេស៊ី នឹងការដាក់បញ្ជូនឈ្មោះបេក្ខភាពដែលត្រូវមកបំពេញភារកិច្ចនៅពេលប្រកួតនោះ។

ទី២ ផ្ដោតលើកិច្ចការដាក់បញ្ចូល កីឡាតេក្វាន់ដូ ITF នៅពេលកម្ពុជាធ្វើម្ចាស់ស៊ីហ្គេម ២០២៣ ដូចជាតម្រូវឲ្យបណ្ដាប្រទេសនិមួយៗចេញលិខិតគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសទាំងនោះមកកម្ពុជា និងកិច្ចការត្រៀមខ្លួនមួយចំនួនថែមទៀតផង។

ទី៣ ផ្ដោតលើការរឹតចំណងមិត្តភាពរវាងគ្នានិងគ្នា នៃសមាជិកបណ្ដាប្រទេសផ្សេងៗ។ ទម្លាប់របស់កីឡាតេក្វាន់ដូ ITF គឺស្រឡាញ់រាប់អានគ្នាជាបងជាប្អូន គោរពគ្នាទៅវិញទៅមក ហើយជាការផ្ដល់យោបល់គំនិតឲ្យគ្នា ក្នុងន័យជួយអភិវឌ្ឍន៍លើប្រភេទកីឡាមួយនេះឲ្យរឹតតែរីកចម្រើនបន្ថែម។

រំលឹកដែរថា កិច្ចប្រជុំតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ នេះធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី២៦ ខែតុលា ២០១៩ នៅឯសណ្ឋាគារ Mane Hariharalaya នៅក្នុងខេត្តសៀមរាប ដែលមានប្រទេសចូលរួមចំនួន៦ផងដែរ៕