បណ្តាញសង្គម

ប្រទេសអ៊ីតាលី ដកបម្រាមការធ្វើដំណើរក្នុងស្រុក និងទៅកាន់អឺរ៉ុបខណៈខ្សែកោងឆ្លងជំងឺ ធ្លាក់ចុះ

ប្រជាជននៅប្រទេសអ៊ីតាលី នឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរដោយសេរីនៅក្នុងប្រទេស ចាប់ពីថ្ងៃពុធ ហើយការរឹតបន្តឹងការធ្វើដំណើរ ក៏ត្រូវបានបន្ធូរបន្ថយផងដែរនៅថ្ងៃតែមួយ ជាមួយអ្នកដំណើរមកពីបណ្តាប្រទេសសហភាពអឺរ៉ុប (EU) និងប្រទេស Schengen ក៏ដូចជាចក្រភពអង់គ្លេស អង់ដូរ៉ា និងម៉ូណាកូ ដែលត្រូវបានអនុញ្ញាតឱ្យចូលប្រទេស ដោយមិនចាំបាច់ស្ថិតនៅដាច់ពីគេ។

ប្រទេសអ៊ីតាលី មានការស្លាប់ថ្មីពីជំងឺ COVID-19 ចំនួន៧១នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនស្លាប់នៅទូទាំងប្រទេស កើនឡើងដល់ ៣៣.៦០១ នាក់ ក្នុងចំណោមករណីឆ្លងសរុបចំនួន ២៣៣.៨៣៦ នាក់។

យោងតាមនាយកដ្ឋានការពារជនស៊ីវិល បានឱ្យដឹងថា ចំនួនអ្នកឆ្លងសកម្មបានធ្លាក់ចុះចំនួន ៥៩៦ នាក់ ស្មើនឹង ៣៩.២៩៧ ករណីនៅទូទាំងប្រទេស។ ខណះខ្សែកោងឆ្លងជំងឺនៅប្រទេស បានធ្លាក់ចុះនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ៊ីតាលី បានបន្ធូរបន្ថយការចាក់សោរយៈពេល ១០ សប្តាហ៍ នៅថ្ងៃទី ១៨ ខែឧសភា។

ហាងទំនិញ ភោជនីយដ្ឋាន បារ-រង្គសាល ហាងថែរក្សាសម្ផស្សសារមន្ទីរ និងប្រតិបត្តិករនៅតាមឆ្នេរនានា ត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញក្នុងលក្ខខណ្ឌគោរពតាមច្បាប់គម្លាតសង្គម និងកម្ចាត់មេរោគសំភារៈបរិក្ខារ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ.។