បណ្តាញសង្គម

ផ្អើល​ផ្សារ​ឃ្លាំង​រំសេវ! កាតុ ណាត់​អ្នកសិល្បៈចូលខ្ទង់​រយ​នាក់ដើម្បី​ភ្លក់រសជាតិ​ហ្វឺក្នុងហាងថ្មីរបស់នាង

តារាសម្ដែង និងកំប្លែងវ័យជ្រេ អ្នកនាង សុខ ចាន់ធីតា ហៅកាតុ

បានបង្កើតភាពភ្ញាក់ផ្អើលមួយដល់អាជីវករ និងអ្នកគាំទ្ររបស់ខ្លួននៅថ្ងៃទី១៥ ខែមករា នេះ ដោយអ្នកនាងបានអញ្ជើញអ្នកសិល្បៈចូលខ្ទង់រយនាក់មកភ្លក់រសជាតិហ្វឺនៅក្នុងហាងទើបបើករកស៊ីរបស់នាងក្នុងផ្សារឃ្លាំងរំសេវ។

លោក ប៉ែន ចំរុង ជាភ្ញៀវម្នាក់ក្នុងចំណោមសិល្បករ-សិល្បការិនីជាច្រើនទៀតដែលមានវត្តមាននៅក្នុងហាង"កាតុហ្វឺឆ្ងាញ់" បានLive វីដេអូចេញពីទីនោះផ្ទាល់។ សកម្មភាពហូបចុកលាយឡំសំឡេងសើចក្អាកក្អាយនៅក្នុងហាងតូចល្មមមួយស្ថិតនៅក្នុងផ្សារឃ្លាំងរំសេវ គេឃើញមានវត្តមានអ្នកនាង គង់ សុជាតិ និងស្វាមី ទឹម រដ្ឋា និងប្អូនស្រី លោក គួច ខេវិន និងលោក សាវិន ហ្វីលីបជាដើម។

អ្នកនាង សុខ ចាន់ធីតា និយាយថា នាង និងគ្រួសារពិតជាសប្បាយចិត្តពេលឃើញបងប្អូន និងមិត្តយ៉ាងកុះករចូលមកភ្លក់រសជាតិហ្វឺរបស់នាងនៅថ្ងៃនេះ។ នាងថា ២០ថ្ងៃទៀត នាងនឹងប្ដូរហាងនេះទៅទីតាំងថ្មីដែលមានកន្លែងអង្គុយពិសាធំទូលាយចំនួនពីរជាន់ ស្ថិតនៅក្បែរផ្សារឃ្លាំងរំសេវថ្មីដូចគ្នា។

ស្ថិតនៅក្នុងស្ថានភាពដ៏លំបាក នៃជំងឺកូវីដ-១៩ នេះ អ្នកនាង សុខ ចាន់ធីតា មិនអល់អែកក្នុងការចេញរកស៊ី ឬបង្កើតមុខរបរថ្មីបន្ថែមលើអាជីពសម្ដែង និងលក់ផលិតផលតាមអនឡាននោះទេ។ ស្រីតុ ថាបើទោះបីជាស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលតែនាងជឿថាហាងរបស់នាងនឹងបន្តដំណើរការទៅមុខបាន បើមានបងប្អូន និងមិត្តសិល្បៈជួយជ្រោមជ្រែងដោយបន្តនាំគ្នាហូបហ្វឺនាង៕

ដកស្រង់ពី៖ Sabay