បណ្តាញសង្គម

សេតវិមាន ប្រកាសពីវិធានការណ៍ថ្មីៗដើម្បីប្រឆាំងអំពើហិង្សាប្រឆាំងជាតិអាស៊ី

រដ្ឋបាល Biden កាលពីថ្ងៃអង្គារ បានប្រកាសវិធានការណ៍ឆ្លើយតបនឹងការកើនឡើងនូវអំពើហិង្សាប្រឆាំងជាតិអាស៊ី រួមទាំងការដាក់ពង្រាយថវិកាចំនួន ៤៩,៥ លានដុល្លារពីមូលនិធិសង្គ្រោះ COVID-19 សម្រាប់កម្មវិធីសហគមន៍អាមេរិក ដែលជួយដល់ជនរងគ្រោះ។

មន្រ្តីសេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងយុត្តិធម៌ ក៏កំពុងផ្តោតការយកចិត្តទុកដាក់លើចំនួនកើនឡើងនៃឧក្រិដ្ឋកម្មស្អប់ ដែលផ្តោតលើជនជាតិអាមេរិកអាស៊ី។

វិធានការនេះ កើតឡើង បន្ទាប់ពីការបាញ់ប្រហារនៅ Atlanta កាលពីដើមខែនេះ បណ្តាលឱ្យមនុស្ស ៨ នាក់ស្លាប់ ក្នុងនោះ ៦ នាក់ ជាស្ត្រីជនជាតិអាមេរិក-អាស៊ី។

ការបាញ់ប្រហារ បានបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមប្រជាជនអាស៊ី-អាមេរិក នៅក្នុងសហគមន៍កោះប៉ាស៊ីហ្វិក ដែលមានការកើនឡើងនូវឧក្រិដ្ឋកម្មស្អប់ ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ នៅពេលដែលអតីតប្រធានាធិបតីលោក Donald Trump បានចាប់ផ្តើមហៅវីរុសកូរ៉ូណា ថា "វីរុសចិន" ។

ក្រសួងយុត្តិធម៌អាមេរិក ក៏កំពុងរៀបចំផែនការកិច្ចខិតខំប្រឹងប្រែងថ្មី ដើម្បីអនុវត្តន៍ច្បាប់ឧក្រិដ្ឋកម្មស្អប់ខ្ពើម និងរាយការណ៍ទិន្នន័យឧក្រិដ្ឋកម្មពូជសាសន៍ នេះបើតាមការផ្សាយរបស់ CNA/Reuter កាលពីថ្ងៃពុធ។