បណ្តាញសង្គម

កូរ៉េចាប់អារម្មណ៍លើការកែច្នៃសំបកគ្រាប់ស្វាយចន្ទីទៅជាជីវថាមពល និងជីសរីរាង្គនៅកម្ពុជា

វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េកំពុងសំឡឹងមើលភាគីពាក់ព័ន្ធនានានៅកម្ពុជាដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើការបម្លែងថាមពលជីវថាមពល និងជីសរីរាង្គពីសំបកគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ខណៈដែរប្រទេសអាស៊ានមួយនេះមានសក្តានុពលខ្ពស់នៃដាំណាំស្វាយចន្ទី។ការលើកឡើងនៃគម្រោងនេះត្រូវបានបង្ហាញដោយគណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ក្នុងជំនួបជាមួយលោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤កន្លងមកនេះនៅទីស្នាក់ការរបស់សភាពាណិជ្ជកម្ម។

ក្នុងជំនួបនោះ គណៈប្រតិភូវិទ្យាស្ថានថាមពលកូរ៉េ ក៏បានស្នើរសុំការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការបន្ថែម លើការកែច្នៃថង់ប្លាស្ទីកទៅជាប្រេងឥន្ធន: និងជាដំណោះស្រាយសម្រាប់បញ្ហាសំរាម។

លោក លឹម ហេង បានស្វាគមន៍ និង គាំទ្រចំពោះការស្រាវជ្រាវថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ទាំងគម្រោងកែច្នៃប្រេងពីសំបកគ្រាប់ស្វាយចន្ទី និង គម្រោងកែច្នៃសំរាមប្លាស្ទីកជាថាមពលឥន្ធន:។

លោកបានថ្លែងថា៖«យើងបានលើកទឹកចិត្តវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េស្វែងរកដៃគូសហការបន្ថែមទៀតដើម្បីទាញ អត្ថប្រយោជន៍កាន់តែច្រើនដល់សេដ្ឋកិច្ចប្រទេសទាំងពីរ»។

យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា នៅនៅក្នុងរយៈពេល៥ខែឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅសម្រេចបាន ៧១ ម៉ឺន ៦ ពាន់តោន ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន កើនឡើងជាង ៣០ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន

ដែលគិតជាទឹកប្រាក់ចំនួន ៨៥១ លានដុល្លារ។

នេះបើតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២៕

ដកស្រង់ពី៖ កម្ពុជាថ្មី