បណ្តាញសង្គម

ករណីនគរបាលអន្តោប្រវេសន៍ គំរាមសម្លាប់ប្រពន្ធ តុលាការនឹងប្រកាសសាលក្រមថ្ងៃទី២៩ ខែកញ្ញា

(ភ្នំពេញ)៖ សំណុំរឿងមន្រ្តីនគរបាលអន្តោប្រវេសន៍ឈ្មោះ នារាយណ៍ រាជសីហ៍ អាយុ៣០ឆ្នាំ ជាប់ចោទពីបទគំរាមសម្លាប់ប្រពន្ធ និងបានប្រើអំពើហិង្សាលើប្រពន្ធ-កូននោះ ត្រូវតុលាការគ្រោងប្រកាស សាលក្រមនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ។

 សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំរុំជម្រះលើរឿងក្តីមួយនេះ ដែលមានលោកចៅក្រម អ៊ុក សុវណ្ណារិទ្ធ ជាប្រធានក្រុមប្រឹក្សាជំរុំជម្រះ។ សម្រាប់ជនត្រូវចោទរូបនេះ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនា។

ដោយឡែកមេធាវីស្ត្រីជាអតីតប្រពន្ធឈ្មោះ ថាច់ ស្រស់ធី បានទាមទារសំណងជម្ងឺចិត្តចំនួន៣០ម៉ឺនដុល្លារ។

គួររំឭកថា មន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌចាប់ខ្លួនបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីគំរាមកំហែងថា នឹងសម្លាប់ និងបទហិង្សាដោយចេតនា។ ជនជាប់ចោទមានលំនៅដ្ឋានផ្ទះលេខ៦២០ ផ្លូវលេខ៤៥០ សង្កាត់ទួលទំពួង២ ខណ្ឌចំការមន។

ការចាប់ខ្លួនឈ្មោះ នារាយ រាជសីហ៍ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោកចៅក្រម ហេង កេសរោ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួន ជនត្រូវចោទឲ្យបានមុនថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ បញ្ជូនមកតុលាការចាត់ការតាមច្បាប់។

ក្នុងខ្លឹមសារដើមបណ្តឹងបញ្ជាក់ថា កន្លងមកឈ្មោះ នារាយ រាជសីហ៍ មានភរិយាឈ្មោះ ថាច់ ស្រស់ធី ប៉ុន្តែក្នុងការរួមរស់ គ្រួសារនេះមិនចុះសម្រុងដោយសារបុរសជាប្ដីជាមនុស្សងប់ងុលនឹងល្បែងស៊ីសង ហើយពេលភរិយាណែនាំតែងតែប្រើហិង្សារហូតដល់ភរិយា និងកូនទ្រាំលែងបានក៏ប្ដឹងលែងលះដល់តុលាការរួចហើយ។

ក្រោយពេលលែងលះហើយឈ្មោះ នារាយណ៍ រាជសីហ៍ នៅតែតាមធ្វើបាបប្រពន្ធកូន លួចយករថយន្តចេញពីផ្ទះ និងចុងក្រោយគំរាមកំហែងថា នឹងសម្លាប់អតីតភរិយាទៀត ទើបជនរងគ្រោះទ្រាំលែងបានក៏ប្ដឹងមកតុលាការតែម្ដង។

ក្នុងដំណាក់ស៊ើបអង្កេតរបស់តុលាការ ជនត្រូវចោទមិនបានមកបង្ហាញខ្លួនគ្រប់តំណាក់កាល តាំងពីនៅព្រះរាជអាជ្ញារហូតដល់ចៅក្រម ទើបតុលាការសម្រេចចោទប្រកាន់ និងចេញដីកាបង្គាប់ឲ្យចាប់ខ្លួនតែម្ដង និងឃុំខ្លួនបណ្ដោះអាសន្នដើម្បីរង់ចាំការសើបអង្កេត។ ក្នុងពេលជាប់ឃុំ ជនជាប់ចោទបានដាក់ពាក្យសុំនៅក្រៅឃុំ តែចៅក្រមតុលាការបានបដិសេធមិនឲ្យនៅក្រៅឃុំទេ៕

ដកស្រង់ពី៖FRESH NEW