បណ្តាញសង្គម

ក្រសួងសុខាភិបាល រកឃើញមនុស្ស៥នាក់ ដែលបានប៉ះពាល់ជាមួយបុរសជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វា

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះថា គិតត្រឹមម៉ោង៥៖១០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដានេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកពាក់ព័ន្ធសរុបចំនួន៥នាក់ហើយ ដែលបានប៉ះពាល់ជាមួយបុរសជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វា។

លោកស្រីបញ្ជាក់ថា អ្នកទាំង៥នាក់នោះមិនទាន់មិនទាន់បង្ហាញសញ្ញាណាមួយ ដែលបញ្ជាក់ពីការឆ្លងនៅឡើយទេ ដោយពួកគាត់ត្រូវបានណែនាំឱ្យនៅដោយឡែក សម្រាប់តាមដានសុខភាព។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង៥៖១០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ យើងរកឃើញអ្នកពាក់ព័ន្ធ សរុបចំនួន៥នាក់ហើយ ដែលបានណែនាំឱ្យនៅដោយឡែក សម្រាប់តាមដានសុខភាពពួកគាត់។

ពួកគាត់ទាំង៥នាក់នេះ មិនទាន់បង្ហាញសញ្ញាណាមួយ ដែលបញ្ជាក់ពីការឆ្លងនៅឡើយទេ ទោះជាយ៉ាងណា ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែក នៅផ្ទះរបស់ពួកគាត់ និងតាមដានសុខភាពផ្ទាល់ខ្លួន ហើយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យ ប្រសិនបើមានចេញរោគសញ្ញាណាមួយ ដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមើល ដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ»។

សូមបញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ា ឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ២៧ឆ្នាំ កាន់ប៉ាស្ទ័រលេខ A10414328 ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ៕