បណ្តាញសង្គម

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងអំឡុងពេលជំងឺកូវីដ១៩ ជួយកាត់បន្ថយអត្រាភាពក្រីក្រនៅកម្ពុជា បាន២.៧% ក្នុងឆ្នាំ២០២០ និង ៣.៤ % ក្នុងឆ្នាំ២០២១

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចូលរួមចំណែកកាត់បន្ថយអត្រាភាពក្រីក្រនៅកម្ពុជា បានប្រមាណ២.៧ % ក្នុងឆ្នាំ២០២០ និង ៣.៤ % ក្នុងឆ្នាំ២០២១។

នេះបើយោងតាមរបាយការណ៍វាយតម្លៃការអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ដែលបានចេញផ្សាយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ដោយក្រុមប្រឹក្សាជាតិគាំពារសង្គម និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។

របាយការណ៍នេះបានបង្ហាញថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានផ្តល់ផលវិជ្ជមានជាច្រើន ដោយបានចូលរួមចំណែកសម្រួលជីវភាព របស់គ្រួសារក្រីក្រឱ្យរួចផុតពីការធ្លាក់ចូល ទៅក្នុងបញ្ហាអសន្តិសុខស្បៀង, បំណុល, ការលក់ទ្រព្យសកម្មរបស់គ្រួសារ និងបានសម្រួលបន្ទុកចំណាយរបស់គ្រួសារ ពិសេសចំណាយលើម្ហូបអាហារ, ថ្នាំសង្កូវ និងការអប់រំកូនចៅ។

របាយការណ៍នេះបញ្ជាក់បន្ថែមថា «ចំពោះបច្ច័យលើផ្នែកម៉ាក្រូសេដ្ឋកិច្ច, កម្មវិធីនេះ បានចូលរួមដល់កំណើនសេដ្ឋកិច្ចប្រមាណ ០.៥៥% ក្នុងឆ្នាំ២០២០ និង ០.៤៥ % ក្នុងឆ្នាំ២០២១។ មិនតែប៉ុណ្ណោះ កម្មវិធីនេះ ក៏បានរួមចំណែកក្នុងការកាត់បន្ថយអត្រានិកម្មភាពចំនួន ០.៥៧% ក្នុងឆ្នាំ២០២០ និង ០.៦២% ក្នុងឆ្នាំ២០២១ និងកាត់បន្ថយអត្រាភាពក្រីក្របានប្រមាណ២.៧ % ក្នុងឆ្នាំ២០២០ និង ៣.៤ % ក្នុងឆ្នាំ២០២១»។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលគិតរហូតដល់ពេលនេះ មានរយៈពេលប្រមាណ២៥ខែហើយ ដែលផ្តល់ការគាំទ្រ និងសម្រួលជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ប្រមាណជាង ៦៨ ម៉ឺនគ្រួសារ និងចំណាយថវិកាសរុបប្រមាណ ៧៤៤ លានដុល្លារ។

ថ្លែងក្នុងពិធីសម្ពោធ និងផ្សព្វផ្សាយរបាយការណ៍វាយតម្លៃការអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» នាព្រឹកថ្ងៃទី២៧ ខែកក្កដានេះ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ លោកបណ្ឌិត ផាន់ ផល្លា បានមានប្រសាសន៍ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់នៃអន្តរាគមន៍ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមស្មារតីបុរេសកម្ម ជាក់ស្តែងនិយម និងការឆ្លើយតបខ្ពស់ ក្នុងការផ្តល់កិច្ចគាំពារ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ពីផលប៉ះពាល់នៃជំងឺរាតត្បាតជាសាកលមួយនេះ។

លទ្ធផលនៃការវាយតម្លៃនេះ មិនត្រឹមតែបានបង្ហាញពីប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តកម្មវិធីប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញឱ្យឃើញកាន់តែច្បាស់ ពីតួនាទីនៃអន្តរាគមន៍ផ្នែកជំនួយសង្គម ដែលបានជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ និងបានជំរុញកំណើនសេដ្ឋកិច្ចផងដែរ។ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានប្រាប់អ្នកសារព័ត៌មានថា ថវិកាដែលរដ្ឋាភិបាលប្រគល់ជូនពលរដ្ឋតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ គឺផ្តល់ជូនដោយតម្លាភាព ពោលគឺ ចេញពីថវិកាជាតិឆ្ពោះទៅដល់ប្រជាពលរដ្ឋ ដោយមិនឆ្លងកាត់បុគ្គលិក ឬស្ថាប័នណាឡើយ។

លោកបន្តថា តាមរយៈលទ្ធផលវាយតម្លៃ បានបង្ហាញថា ធនធានដែលរដ្ឋាភិបាលបានចំណាយនេះ គឺបានទៅដល់ប្រជាពលរដ្ឋទទួលផលប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ និងផ្តល់នូវបច្ច័យល្អដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ បើទោះបីជាថវិកាដែលពលរដ្ឋទទួលបានមានចំនួនតិច មិនអាចជួយគាត់ឱ្យចាកចេញពីភាពក្រីក្របាន ប៉ុន្តែបានជួយទប់ភាពក្រីក្រកុំឱ្យកាន់តែកើនឡើងខ្ពស់ និងធ្លាក់ទៅក្នុងភាពក្រីក្រកាន់តែខ្លាំងថែមទៀត។

លោកលើកឡើងថា ក្នុងចំណោមសាច់ប្រាក់ ជាង ៩០%នៃសាច់ប្រាក់ដែលពលរដ្ឋទទួលបាន គឺពួកគាត់បានចំណាយទៅលើម្ហូបអាហារ ដែលជួយទៅដល់សន្តិសុខស្បៀងក្នុងកម្រិតគ្រួសារ និង កាត់បន្ថយកង្វះអាហារូបត្ថម្ភ។ លោកគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារទី១ គឺជួយអ្នកក្រីក្រ ទី២បើអ្នកដែលមានជីវភាពលើសក្រ ប៉ុន្តែដោយសារតែវិបត្តិនេះ ធ្លាក់ចូលក្នុងភាពក្រីក្រ គាត់ក៏ទទួលបានដែរ។

ហេតុអ្វីបានជាយើងឧបត្ថម្ភជូនគ្រួសារក្រីក្រទេ ប៉ុន្តែក៏មានបច្ច័យទៅលើសេដ្ឋកិច្ច ពីព្រោះគ្រួសារដែលគាត់បានសាច់ប្រាក់មកមិនមែនយកទៅទុកឯណា គឺគាត់កំពុងតែមានតម្រូវការក្នុងការចំណាយ អ៊ីចឹងគាត់យកថវិកានេះយកទៅចំណាយនៅក្នុងសេដ្ឋកិច្ច។ មួយខែរដ្ឋាភិបាលចំណាយប្រមាណជាង៣០លានដុល្លារ គឺជាទំហំទឹកប្រាក់មួយដែលធំ ដែលសាច់ប្រាក់នេះបានជះចូលទៅក្នុងសេដ្ឋកិច្ច ដោយបងប្អូនប្រជាពលរដ្ឋលោក បានយកទៅចំណាយនៅក្នុងទីតាំងមូលដ្ឋានរបស់គាត់ ដែលការចំណាយនេះ ជំរុញយន្តការសេដ្ឋកិច្ចឱ្យកាន់តែដើរ»។

លោកស្រី Sonali Dayaratne នាយិការងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានលើកឡើងថា របាយការណ៍វាយតម្លៃនេះ បានបង្ហាញអំពីភស្តុតាង ដែលមានលក្ខណៈវិទ្យាសាស្រ្ត ដែលជាមូលដ្ឋានរឹងមាំ ក្នុងការគិតគូរវិនិយោគបន្ថែមលើប្រព័ន្ធគាំពារសង្គម ដែលនឹងអាចផ្តល់ការគាំទ្រយ៉ាងមានប្រសិទ្ធភាពសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលទទួលរងនូវផលប៉ះពាល់ និងធានាថាគ្មានអ្នកណាម្នាក់ត្រូវបានបោះបង់ចោល នោះឡើយ។ លោកស្រីបន្តថា «ការវាយតម្លៃនេះអនុញ្ញាតឱ្យយើងយល់ និងមើលឃើញកាន់តែច្បាស់អំពីប្រសិទ្ធភាព និងបច្ច័យរបស់កម្មវិធី លើជីវភាពរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក៏ដូចជាម៉ាក្រូសេដ្ឋកិច្ច»។

លោកស្រី Benita Chudleigh លេខាទីមួយនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាលើកឡើងថា ក្នុងនាមជាមិត្តរបស់កម្ពុជា ប្រទេសអូស្ត្រាលីប្តេជ្ញាសហការជាមួយដៃគូនានា ដើម្បីរិះរកវិធីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ សូមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រើប្រាស់ប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) ដែលរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ការគាំទ្រក្នុងទសវត្សរ៍កន្លងមកនេះ ដើម្បីកំណត់អត្តសញ្ញាណប្រជាជនដែលជួបការខ្វះខាតបំផុត ធ្វើជាក្រុមគោលដៅនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ៕