បណ្តាញសង្គម

រដ្ឋមន្ដ្រីសុខាភិបាល៖ បុរសជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វា មានសុខភាពល្អធម្មតា និងជាសះស្បើយឆាប់ៗនេះ

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ថា បុរសជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វា មានសុខភាពល្អធម្មតា និងជាសះស្បើយឆាប់ៗនេះ ក្រោមការពិនិត្យព្យាបាលយ៉ាងយកចិត្ដទុកដាក់ ពីសំណាក់គ្រូពេទ្យនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «យើងត្រូវតែប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺអុតស្វានេះ ត្បិតតែមានតិចតែមួយករណី ដែលនាំចូល លើបុរសជនជាតិនីហ្សេរីយ៉ា ហើយអ្នកប៉ះពាល់ទាំង៥នាក់នោះ ធ្វើរោគវិនិច្ឆ័យមិនមានជំងឺអុតស្វាក្ដី តែយើងនៅតាមតែបន្ដតាមដានគ្រប់ចំនួន២១ថ្ងៃ។ ដូច្នេះយើងត្រូវតែប្រយ័ត្ន ជាពិសេសអាជ្ញាមូលដ្ឋាន និងតាមព្រំដែន ច្រកចេញចូលអន្ដរជាតិ ព្រោះជំងឺនេះមិនមាននៅស្រុកខ្មែរយើងទេ គឺករណីនាំចូល ប៉ុន្ដែបើយើងមិនពិនិត្យតាមដានឱ្យបានហ្មត់ចត់ វានឹងអាចឆ្លងចូលសហគមន៍របស់យើង»។

ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្ត របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចុះអប់រំសុខភាព និងផ្តល់សេវាសុខភាពទូទៅជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងបរិវេណ វត្តសំរោងអណ្ដែត នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រដ្ឋមន្ដ្រីសុខាភិបាល បានគូសបញ្ជាក់ថា ការរាតត្បាតករណីជំងឺអុតស្វាភាគច្រើន គឺកើតលើអ្នកជំងឺដែលចូលចិត្ដប្រើប្រាស់ សេវាផ្លូវភេទជាដើម។ សូមជម្រាបថា បុរសជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វា ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ៕