បណ្តាញសង្គម

អាជីវករតាមផ្សារនៅរាជធានីភ្នំពេញ សឹងតែ១០០ភាគរយ បានចាក់វ៉ាក់សាំងដូសទី៤ និង៥០ភាគរយ បានចាក់ដូសទី៥

ប្រធានផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានអះអាងស្រដៀងគ្នាថា អាជីវករលក់ដូរឥវ៉ាន់នៅក្នុងផ្សារសឹងតែ១០០ភាគរយហើយ បានទទួលការចាក់វ៉ាក់សាំងដូសសទី៤ និងមានអាជីវករប្រមាណ៥០ភាគរយ ដែលបានចាក់ដូសទី៥ ដើម្បីចូលរួមបង្ការ និងទប់ស្តាត់ជំងឺកូវីដ១៩ ទៅតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បានបញ្ជាក់នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះថា គិតមកដល់ពេលនេះ សម្រាប់បងប្អូនអាជីវករផ្សារទួលទំពូង ដែលមានចំនួន ១៣៧៤តូប (តូបខ្លះ មានម្នាក់ ២នាក់ និងខ្លះមាន៣នាក់អាស្រ័យទៅលើតូបធំតូច) បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ដូសទី៤ បាន១០០ភាគរយហើយ ចំណែកដូសទី៥ បានចាក់ជាង៤០ភាគរយ។ ប៉ុន្តែលោកប្រធានផ្សារ នៅតែអំពាវនាវឲ្យអាជីវករ បន្តទៅចាក់បានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការពាររបស់សម្តេចតេជោ ហ៊ុន សែន «៣កុំ និង៣ការពារ»។

លោក ចំរើន សុខលីម បានបន្តថា សម្រាប់អតិថិជនចេញចូលទិញឥវ៉ាន់នៅក្នុងផ្សារ គណៈកម្មការផ្សារ បានរៀបចំឲ្យមានការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ ដោយបាញ់អាកុលវាស់កំដៅ នឹងការណែនាំឲ្យមានការពាក់ម៉ាសជាដើម។ ទោះបីជាយ៉ាងណាក្តី បងប្អូនប្រជាពលរដ្ឋ ដែលចេញចូលផ្សារហាក់មានការយល់ដឹងច្រើនជុំវិញវិធានការការពារខ្លួនដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នេះ។

បើតាមលោក គួច ចំណាន ប្រធានផ្សារច្បារអំពៅ គណៈកម្មការផ្សារ តែងតែបានប្រកាសតាមមីក្រូ ដល់អាជីវករ ក៏ដូចអតិថិជនចេញចូលផ្សារ បន្តរក្សាគម្លាត អនាម័យខ្ពស់ ដោយជំរុញដល់អាជីវករ បន្តចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសជំរុញដូសទី៤ ពិសេសដូសទី៥ ឲ្យបានគ្រប់ៗគ្នា ដើម្បីយើងមានសុខភាពល្អ មានពេលវេលារកទទួលទានបាន។

ចំពោះអាជីវករផ្សារច្បារអំពៅ និងផ្សារបន្លែ គឺអ្នកចាក់លើកទី៤ បានប្រហែល៨៥% ទៅ៩០% និងអ្នកចាក់លើកទី៥ ប្រហែល ៤៥%ទៅ៥០%។លោក សាន់ ប៊ុនណា ប្រធានផ្សារបន្លែច្បារអំពៅ បានឲ្យដឹងថា ចំពោះផ្សារបន្លែ គឺមានការលក់ដូរតែព្រឹកៗទេ ហើយគណៈកម្មការផ្សារ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យមាន៣គោលដៅ ដើម្បីត្រួតពិនិត្យ ដល់អតិថិជន៕