ភ្នំពេញៈក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២៤ខែមករាឆ្នាំ២០២៣បានជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ខែមករាថា។
នៅក្នុងអំឡុងពេលនេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនជាមួយនឹងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំងធ្វើឱ្យសីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះមកនៅរង្វង់កម្រិតពី១៥ទៅ១៧អង្សាសេនៅតំបន់ខ្ពង់រាបភាគឦសាននិងភាគខាងជើង។
ក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាស្ថានភាពបែបខាងលើធ្វើឲ្យតំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមាពី១៨ទៅ២២អង្សាសេ សីតុណ្ហភាពអប្បបរមាមានពី២៨ទៅ៣៣អង្សាសេ។ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម។
សម្រាប់តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី១៥ទៅ២០អង្សាសេសីតុណ្ហភាពអតិបរមាមានពី២៨ទៅ៣១អង្សាសេ។ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង ជាពិសេសនៅខេត្តរតនៈគិរី មណ្ឌលគិរី ព្រះវិហារនិងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅពី១៥ទៅ១៧អង្សាសេនៅពេលព្រឹកនិងនៅពេលយប់។
នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២១ទៅ២៣អង្សាសេសីតុណ្ហភាពអប្បបរមាមានពី៣០ទៅ៣៣អង្សាសេ ។ អាចមានខ្យល់បក់បោកនិងរលកសមុទ្រខ្ពស់៕
ដកស្រង់ពី៖ រស្មីកម្ពុជា