បណ្តាញសង្គម

ក្រសួងពាណិជ្ជកម្ម ជូនដំណឹងអំពីពិព័រណ៍ផលិតផលកាហ្វេ អន្តរជាតិសេអ៊ូល ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា ធ្វើការជូន ដំណឹង ដល់ ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងសាធារណៈជនទូទៅ ដែលកំពុង ធ្វើធុរកិច្ចក្នុងវិស័យ អាហារ និងភេសជ្ជៈថា គណៈកម្មការរៀបចំពិព័រណ៍ ផលិត ផលកាហ្វេអន្តរជាតិនៃប្រទេសកូរ៉េ នឹងបន្តរៀបចំ “ពិព័រណ៍ផលិត ផលកាហ្វេអន្តរជាតិសេអ៊ូលលើកទី២២” (The 22nd Seoul International Cafe Show) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១១ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

 

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៦ ខែ មេសាបាន រៀបរាប់ថា ពិព័រណ៍នេះផ្តោតសំខាន់លើការធ្វើជំនួញ និងផ្សព្វផ្សាយផលិត ផលកាហ្វេ ម៉ាស៊ីនលីងកាហ្វេ ម៉ាស៊ីនឆុងកាហ្វេ តែ នំ បង្អែម ការ៉េម សូកូឡា សម្ភារៈផ្ទះបាយ និងសេវាកម្មចំណីអាហារ និងភេសជ្ជៈគ្រប់ប្រភេទ។

គណៈកម្មការរៀបចំពិព័រណ៍បានបែងចែកតម្លៃស្តង់ជាពីរប្រភេទគឺ ទីតាំង ទំនេរទំហំ ៣ម៉ែត្រ គុណនឹង ៣ម៉ែត្រ (Raw Space) មានតម្លៃ ២ ៩០០ ដុល្លារ និងស្តង់ធម្មតា (Shell Stand) មានទំហំ ៣ម៉ែត្រ គុណនឹង ៣ម៉ែត្រ មានតម្លៃ ៣៣០០ដុល្លារ។

ក្នុងនាមអ្នកសម្របសម្រួល ក្រសួងពាណិជ្ជកម្ម អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍ ចង់ ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ ដើម្បីស្វែងរកកាលានុវត្តភាពនាំចេញ ផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ឬមានបំណងស្វែងរកដៃគូ ពាណិជ្ជកម្ម ជាអន្តរជាតិ សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ជាកំណត់៕

ដកស្រង់ពី៖ រស្មីកម្ពុជា