បណ្តាញសង្គម

ក្រសួងអប់រំ៖ ប្រទេសចំនួនប្រាំផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់​ខ្ពស់និងថ្នាក់បណ្ឌិតដល់និស្សិត និងមន្រ្តីរាជការកម្ពុជា

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាបានជូនដំណឹងថា ប្រទេសធំៗចំនួនប្រាំបានផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិត មន្រ្តីរាជការ បុគ្គលិកអង្គការ និងបុគ្គលិកក្រុមហ៊ុននៅប្រទេសកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្នុងនោះមានប្រទេសចិន ប្រទេសឥណ្ឌូនេស៊ី ប្រទេសអូស្រ្តាលី ប្រទេសថៃ និងប្រទេសព្រុយណេសម្រាប់ឆ្នាំសិក្សា២០២៣–២០២៤។

 

ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៧ ខែមេសាក្រសួងអប់រំបានបញ្ជាក់ថាក្រោមកម្មវិធីអាហារូបករណ៍របស់ MOFCOM សាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងដល់មន្ត្រីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (រយៈពេល១–៣ឆ្នាំ) នឹងថ្នាក់បណ្ឌិត (រយៈពេល ៣ឆ្នាំ) លើមុខជំនាញជាច្រើន នៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំ២០២៣។

អាហារូបករណ៍នេះ រួមមាន ការរាប់រយថ្លៃសិក្សា កន្លែងស្នាក់នៅ ការធ្វើដំណើរកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន និងអត្ថប្រយោជន៍ផ្សេងៗ។ ប្រទេសឥណ្ឌូនេស៊ី ក៏បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ឆ្នាំ២០២៣ (Non-Aligned Movement Scholarship 2023 ) ដល់សិស្ស និស្សិត មន្រ្តីរាជការ បុគ្គលិកអង្គការ និងបុគ្គលិកក្រុមហ៊ុននៅប្រទេសកម្ពុជាជាច្រើនរូបផងដែរខណៈអាហារូបករណ៍នេះនឹងត្រូវសិក្សានៅសកលវិទ្យាល័យ Universitas Gadjah Mada ទីក្រុង Yogya karta ប្រទេសឥណ្ឌូនេស៊ី។ចំណែកប្រទេសថៃវិញ ក៏បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២រូប លើកម្មវិធី «Boon Rawd Scholarship 2023” សិក្សានៅសកលវិទ្យាល័យ Mae Fah Luang ខេត្ដឈៀងរ៉ៃ ប្រទេសថៃ សម្រាប់ឆ្នាំសិក្សា២០២៣–២០២៤។

អាហារូបករណ៍នេះ នឹងផ្តល់ជូននិស្សិតកម្ពុជានូវថ្លៃសិក្សា ថ្លៃជួលអន្តេវាសិកដ្ឋាន ប្រាក់ឧបត្ថម្ភម្នាក់ ចំនួន៦,០០០បាត ក្នុងមួយខែ និងការធានារ៉ាប់រងសុខភាពផងដែរ។ សម្រាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះដែរប្រទេសព្រុយណេ ក៏បានផ្តល់អាហារូបករណ៍ដល់សាធារណជនទាំងពីរភេទនៃប្រទេសកម្ពុជា សម្រាប់សិក្សា ២០២៣–២០២៤ នាសាកលវិទ្យាល័យ Brunei Darussalam (UBD) លើមុខជំនាញPublic Policy and Management (MFPM) ដែលមានរយៈពេល ១២ខែ។ រីឯប្រទេសអូស្រ្តាលីវិញក៏បានប្រកាសផ្តល់កម្មវិធីអាហារូបករណ៍ “Australia Awards Scholarship Intake 2024” របស់រដ្ឋាភិបាលអូស្រ្ដាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។

គួរបញ្ជាក់ដែរថា សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍លើអាហារូបករណ៍ក្នុងប្រទេសទាំង៥នេះ អាចផ្ញើសំណុំឯកសារដែលបានបំពេញរួចហើយ មកការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍បាន៕

ដកស្រង់ពី៖ រស្មីកម្ពុជា