បណ្តាញសង្គម

ស្ថានភាពភ្លៀងរដូវវស្សា ក្នុងសប្តាហ៍ ដើមខែកក្កដានេះ ចុះខ្សោយទៅវិញ

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកក្កដាថាៈ នៅក្នុងអំឡុងពេលនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប គួបផ្សំនឹងខ្យល់មូសុងនិរតី ក្នុងកម្រិតខ្សោយ បង្កឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម ដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។

 

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ លក្ខណៈធាតុអាកាស បែបខាងលើ ធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាសេ។

អាចមានភ្លៀងធ្លាក់ ក្នុងកម្រិត ពីខ្សោយទៅមធ្យម នៅផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ ។

អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ ។

អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីខ្សោយទៅ មធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា