បណ្តាញសង្គម

គ.ជ.ប បង្ហាញលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៖ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ៦.៣៩៨.៣១១ សំឡេង

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសជាផ្លូវការនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។លទ្ធផលបណ្តោះអាសន្ន បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ៦.៣៩៨.៣១១ សំឡេង ។

 

គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៧១៦.៤៩០ សំឡេង។ គណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣៤.២៨៤ សំឡេង។ចំណែកគណបក្សផ្សេងទៀតមិនទទួលសំឡេងឆ្នោតគាំទ្រច្រើននោះទេ។

លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រាប់រស្មីកម្ពុជាកាលល្ងាចថ្ងៃទី៣១ ខែកក្កដា នេះថា គ.ជ.ប កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដាបានសម្រេចទៅលើលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយការសម្រេចនេះ ប្រកាសជាផ្លូវការនៅថ្ងៃទី១ខែសីហា។

លោកអគ្គលេខាធិការរងបានបន្តថា “ការប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះ គឺក្នុងគោលបំណងដើម្បីឱ្យគណបក្សនយោបាយដែលចូលរួមការប្រកួតប្រជែងបោះឆ្នោតប្តឹងតវ៉ាទៅនឹងលទ្ធផលបណ្តោះអាសន្ននេះ។

ការប្តឹងតវ៉ានេះ អាចតវ៉ា ឬក៏ជំទាស់មួយផ្នែក ឬក៏លទ្ធផលទាំងមូល។

ក្នុងករណីដែលអត់មានការប្តឹងតវ៉ា ឬជំទាស់ទៅនឹងលទ្ធផលបណ្តោះអាសន្នទេ គ.ជ.ប នឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី៥ខែសីហា ”។

គួររំលឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ដោយមានគណបក្សនយោបាយចំនួន ១៨ បានចូលរួមប្រកួតប្រជែង។

អ្នកបោះឆ្នោតជាង ៨,២ លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ពួកគេស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើសគណបក្សនយោបាយនិងអ្នកដឹកនាំនាពេលអនាគត ដែលពួកគេជឿថា អាចដឹកនាំប្រទេសជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

អត្រាអ្នកចូលរួមបោះឆ្នោត ៨៤,៥៨ភាគរយ ដែលលើសពីអត្រាអ្នកចូលរួមនៃការបោះឆ្នោតជាតិចំនួនបួនលើកកន្លងមក ចាប់តាំងពីឆ្នាំ ២០០៣ ។

នេះជាការបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើកនៃប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត។

ដំណើរការបោះឆ្នោតនេះត្រូវបានចូលរួមដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៤២២ នាក់ ដែលតំណាងឱ្យ ៦៥ សញ្ជាតិ មកពី ៦១ ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសហគមន៍អនិកជនកម្ពុជានៅបរទេស។

ដំណើរការបោះឆ្នោតក៏ត្រូវបានតាមដានយ៉ាងដិតដល់ ដោយភ្នាក់ងារគណបក្សនយោបាយជិត ៦០.០០០ នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន ៩០.០០០ នាក់ ។

ក្រោយបញ្ចប់ការបោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិទាំងអស់បានបញ្ជាក់អំពីភាពត្រឹមត្រូវ និងតម្លាភាព នៃការបោះឆ្នោត៕

ដកស្រង់ពី៖ រស្មីកម្ពុជា