បណ្តាញសង្គម

អាជ្ញាធរខេត្តកំពត បន្ថែមកម្លាំង បន្តស្វែងរកនារីបាត់ខ្លួន នៅជ្រោះឪម៉ាល់

កំពត: អាជ្ញាធរខេត្តកំពត បានបន្ថែមកម្លាំង បន្តតាមរកនារីម្នាក់ ដែលត្រូវបានសន្និដ្ឋានថា ស្លាប់ក្រោយបាត់ខ្លួន ជាមួយមិត្តភក្តិ ដោយសារកម្លាំងទឹក បោកកួច ចូលជ្រោះឪម៉ាល់នោះ។

រហូតមកដល់ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ សាកសព មិនទាន់បានប្រទះឃើញនៅឡើយ ដោយសមត្ថកិច្ចបញ្ជាក់ថា នឹងមិនបោះបង់ ការស្វែងរកនេះទេ។

លោក សូ ប៊ុនធឿន អធិការស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថាៈ ពេញមួយថ្ងៃទី៣១ ខែកក្កដានេះ កម្លាំងចម្រុះជាង ១០០ នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបន្តតាមរកនារី ដែលបាត់ខ្លួន និងត្រូវបានសន្និដ្ឋានថា ស្លាប់ដោយសារ កម្លាំងទឹក បោកកួច ជាមួយមិត្តភក្តិ កាលពីវេលាទៀបភ្លឺ ថ្ងៃទី៣០ ខែកក្កដា ។

ប៉ុន្តែ រហូតមកដល់ម៉ោង ៦ល្ងាច ថ្ងៃដដែលនេះ សមត្ថកិច្ច មិនទាន់ប្រទះឃើញនៅឡើយ។ ការស្វែងរក នឹងមិនបញ្ចប់ ប្រសិនបើមិនបានលទ្ធផលនោះ។ សូមរម្លឹកថា កាលពីវេលាទៀបភ្លឺ ថ្ងៃទី៣០ ខែកក្កដា មានយុវជន ២នាក់ និងនារី ២នាក់ ដេកក្នុងតង់ចំនួន២ ត្រូវកម្លាំងទឹកធ្លាក់ពីជើងភ្នំបូកគោ បោកកួចចូលជ្រោះឪម៉ាល់ នៃភូមិសាស្ត្រឃុំម៉ាក់ប្រាង ស្រុកទឹកឈូ។

ទាំង៤នាក់ ជាភ្ញៀវឡើងទៅកម្សាន្តលក្ខណ: បោះតង់ ចាប់ពីរសៀលថ្ងៃទី២៩ ខែកក្កដា ដែលមានមនុស្សប្រុសស្រី សរុប ៤៣ នាក់។ សមត្ថកិច្ច បានរកឃើញតែយុវជន ២នាក់ នៅរស់រានមានជីវិត និងនារីម្នាក់ បានស្លាប់ ដោយរកឃើញសព ក្នុងព្រឹកថ្ងៃដដែល នៅមិនឆ្ងាយប៉ុន្មាន ពីចំណុចកើតហេតុនោះ។

នារីដែលបានស្លាប់ ឈ្មោះ កែន ស្រីរ័ត្ន អាយុ ១៩ឆ្នាំ។ ចំណែកយុវជនទាំង ២ នាក់ រួមមាន ១. ឈ្មោះ សុង ទីមធន អាយុ ២៣ឆ្នាំ និង២. ឈ្មោះសីហា អាយុ ២២ឆ្នាំ។ រីឯនារី ដែលកំពុងបាត់ខ្លួន ឈ្មោះ ផន ស្រីខួច អាយុ ១៩ឆ្នាំ។ ទាំង ៤ នាក់ មានទីលំនៅ ភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ៕

ដកស្រង់ពី៖រស្មីកម្ពុជា