បណ្តាញសង្គម

យុះទី៧ បានកើតមានក្នុងពេលព្យុះទី៦ មិនទាន់អស់ឥទ្ធិពល

ភ្នំពេញៈ ខណៈពេលព្យុះទី៦ កានុន (Khanun) ដើរទៅដល់ខាង ត្បូងប្រទេសជប៉ុន មុននឹងបន្តដំណើរទៅរកឧបទ្វីបកូរ៉េ មានព្យុះថ្មីមួយទៀត ដែលជាព្យុះ ទី៧ ឈ្មោះ លេន (LAN) បានកើតឡើង នៅក្នុងសមុទ្រប៉ាស៊ីហ្វិកភាគអាគ្នេយ៍នៃប្រទេសជប៉ុន ដែលតាមការព្យាករ ដំណើររបស់ព្យុះនេះ នឹងទៅរកប្រទេសជប៉ុន។

 

ប្រសិនបើវាមានឥទ្ធិពលស្រូបខ្លាំង នឹងធ្វើឱ្យមានជះឥទ្ធិពល បញ្ហាខ្វះទឹក កើតឡើងខ្លះ លើប្រទេសកម្ពុជា មួយរយៈពេល។ តែនៅចុងសប្តាហ៍នេះ នឹងមានភ្លៀងធ្លាក់រាយប៉ាយមកវិញ អាចបានដល់ក្នុង កម្រិតពីតិចទៅបង្គួរ។

លោកចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៩ខែសីហា ឆ្នាំ២០២៣ថាៈ ខណៈពេលព្យុះទី៦ កានុន Khanun ដើរទៅដល់ខាងត្បូងប្រទេសជប៉ុន មុននឹងបន្តដំណើរទៅរកឧបទ្វីបកូរ៉េ មានព្យុះថ្មីមួយទៀត ដែលជាព្យុះទី៧ មានឈ្មោះ លេន LAN បានកើតឡើង នៅក្នុងសមុទ្រប៉ាស៊ីហ្វិក ភាគអាគ្នេយ៍នៃប្រទេសជប៉ុន តាមការព្យាករ ដំណើររបស់ព្យុះ នេះទៅរកប្រទេសជប៉ុន។

អ្នកនាំពាក្យក្រសួងជំនាញខាងលើ បានបញ្ជាក់ថាៈ ព្យុះដែលនឹងកើតមានជាបន្តបន្ទាប់ មកទៀត នៅពេលខាងមុខ វាមិនអាចដើរចូលមក ក្នុងសមុទ្រចិនបានទេ ដោយសារ នៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងលិច សីតុណ្ហភាព អតិបរមា មានកម្រិតខ្ពស់ជាងសីតុណ្ហភាព នៅក្នុងសមុទ្រចិនខាងត្បូង ធ្វើឱ្យព្យុះដែលបានកើតឡើង វានឹងដើរឡើងទៅលើ (ជើង) ។

ចំពោះព្យុះទី៧ ដែលកំពុងនៅក្នុងសមុទ្រប៉ាស៊ីហ្វិក ដោយមានដំណើរ ទៅរកប្រទេសជប៉ុននេះ មន្ត្រីជំនាញរបស់ក្រសួង កំពុងធ្វើការតាមដានការវិវត្តរបស់វា ប្រសិនបើវាមានឥទ្ធិពលកាន់តែខ្លាំង នៅពេលព្យុះទី៦ អស់ឥទ្ធិពលនោះ វាអាចនឹងមាន ជះឥទ្ធិពលមិនល្អ ដល់ប្រទេសកម្ពុជា។

ទោះជាយ៉ាងណា លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងថាៈ នៅចុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី១២ ខែសីហា ការធ្លាក់ភ្លៀង នៅក្នុងប្រទេសកម្ពុជា អាចនឹងមានរាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរឡើងវិញ។ ការធ្លាក់ភ្លៀងនៅតំបន់ខ្លះ បានខកខាន រហូតដល់ជាង ពីរសប្តាហ៍ ទៅហើយ កន្លងទៅនេះ។

ស្ថានភាពធាតុអាកាសជាទូទៅ សីតុណ្ហភាព អតិបរមា កើនខ្ពស់ ដោយសារបាតុភូតអែលនីណូពេលនេះ ឡើងដល់ ៩០ ភាគរយហើយ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែសីហា ដោយនៅអំឡុពេលនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប។

ចាប់ពីថ្ងៃទី១២ ខែសីហា ទទួលឥទ្ធិពលខ្សោយ ពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសវៀតណាម ជាមួយខ្យល់មូសុងនីរតីមធ្យម ។

លក្ខណៈធាតុអាកាស ដូចខាងលើ ធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។

អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយ ។

នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមាពី៣៣ទៅ៣៦អង្សាសេ។

អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយ។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមា មានពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។

អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតមធ្យម ៕

ដកស្រង់ពី៖ រស្មីកម្ពុជា