បណ្តាញសង្គម

ប្រកាសឱ្យចូលកាន់តំណែងអភិបាលរងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ, ថ្នាក់ដឹកនាំខេត្តជំរុញឱ្យគាំទ្រដល់រដ្ឋបាលឃុំ ផ្តល់សេវាតាមច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ

(ភ្នំពេញ)៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងគោលនយោបាយ «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ និង សេដ្ឋកិច្ចជាតិ» និងគោលនយោបាយលើកកម្ពស់ស្រ្តីតាមរយៈការផ្តល់ឱកាសឱ្យស្រ្តី មានលទ្ធភាពទទួលបាននូវសេវាអប់រំជំនាញវិជ្ជាជីវកម្រិតឧត្តមសិក្សា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS បានសម្រេចផ្តល់អាហារូបករណ៍ថ្លៃសិក្សា១០០ភាគរយ ជូនដល់សិស្សស្រីដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A, B ឬ C សរុបចំនួន ៧៥កន្លែង។

អាហាររូបករណ៍ថ្លៃសិក្សា១០០ភាគរយ នេះផ្ដល់ជូនសម្រាប់តែសិស្សដែលបានមកចុះឈ្មោះមុនគេប៉ុណ្ណោះ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រលើឯកទេសណាមួយ រួមមាននៅរាជធានីភ្នំពេញផ្ដល់ជូនចំនួន ១៥កន្លែង, សាខាខេត្តកំពង់ចាមចំនួន ១០កន្លែង, សាខាខេត្តកំពង់ធំចំនួន ១០កន្លែង, សាខាខេត្តសៀមរាបចំនួន ១០កន្លែង, សាខាខេត្តបន្ទាយមានជ័យចំនួន១០កន្លែង, សាខាបាត់ដំបងចំនួន១០កន្លែង, និងសាខាខេត្តកំពតចំនួន ១០កន្លែង។ ក្នុងគោលបំណងជួយសម្រួលដល់បន្ទុកគ្រួសាររបស់សិស្សនារីទាំង៧៥នាក់នេះសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS, ក្រុមហ៊ុន ស៊ី យូ អេស គ្រុប, សណ្ឋាគារដ្រេហ្កនរ៉ូយ៉ាល់ ស៊ី យូ អេស ខេត្ត សៀមរាប និងក្រុមហ៊ុនដៃគូជាច្រើនបានរួមគ្នាឧបត្ថម្ភការសិក្សានៅឆ្នាំទី១ប្រចាំខែចំនួន ១០០,០០០ រៀលបន្ថែមទៀតចំពោះនិស្សិតជានារីទទួលបានអាហារូបករណ៍សិស្សឆ្នើមនិទ្ទេសA, B, C ដែលបានបំពេញភារកិច្ចស្របទិសដៅអភិវឌ្ឍន៍សមត្ថភាព បុគ្គលិកលក្ខណសម្បត្តិ និងការអភិវឌ្ឍរបស់សាកលវិទ្យាល័យ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា,CUS គឺជាគ្រឹះស្ថានឧត្តមសិក្សាធំមួយនៅកម្ពុជាដែលមានការគាំទ្រពីបុគ្គលិក សាស្រ្តាចារ្យ មហាជន និងនិស្សិតជាច្រើនក្នុងមួយឆ្នាំៗ ខណៈបច្ចុប្បន្ន មាននិស្សិតជិត២ម៉ឺននាក់កំពុងសិក្សាចាប់កម្រិតបរិញ្ញាបត្ររងរហូតដល់បណ្ឌិត ដោយមានក្រុមហ៊ុន សហគ្រាស អង្គការ ធនាគារ ដៃគូកិច្ចសហប្រតិបត្តិការក្នុងស្រុកចំនួន៥៥០ និងដៃគូជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេសចំនួន ៥៦ មកពីកូរ៉េខាងត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីន បង់ក្លាដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម និងអ៊ីស្រាអែល សម្រាប់ផ្តល់ឱកាសដល់និស្សចុះកម្មសិក្សា ទស្សនកិច្ចសិក្សា និងទទួលបានអាហារូបករណ៍បន្តការសិក្សាទៅកម្រិតខ្ពស់ជាងបន្តទៀត។

សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS បានប្ដេជ្ញាសម្រេចឱ្យបានតាមចក្ខុវិស័យ ត្រូវក្លាយជារោងចក្របញ្ញាញាណដោយការកសាង និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព គុណតម្លៃ និងជោគជ័យឆ្នើមសម្រាប់សង្គមជាតិ ដើម្បីកសាងកិត្តិនាម និងអភិវឌ្ឍគុណភាពអប់រំរបស់ខ្លួនលើឆាកអន្តរជាតិចាប់ពីឆ្នាំ២០២៧តទៅ។

ជាពិសេសដើម្បីចូលរួមចំណែកសម្រេចឱ្យបានទិសដៅដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕

ដកស្រដ់់ពី៖ Fresh New