បណ្តាញសង្គម

ក្រសួងសុខាភិបាល ប្រកាសពីការរកឃេីញករណីជំងឺអុតស្វាលេីបុរសអាយុ​ ២៨ឆ្នាំ នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃេីញករណីជំងឺអុតស្វាលេីបុរសអាយុ ២៨ឆ្នាំ រស់នៅភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសនេះចាប់ផ្តើមមានរោគសញ្ញា នៅប្រដាប់ភេទ បន្ទាប់មករាលដាលដល់កខាងស្តាំ ថ្ពាល់ កំភួនដៃ និងជើង ហើយបានស្វែងរកការពិគ្រោះ ជំងឺនៅមន្ទីរពេទ្យ និងបញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានវីរុសអុតស្វា អ្នកជំងឺបានដាក់ឱ្យនៅសម្រាកព្យាបាលដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យបានយ៉ាងត្រឹមត្រូវ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងរាជធានីភ្នំពេញ បាននិងកំពុងសហការជាមួយ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលអង្កេតស្រាវជ្រាវយ៉ាងសកម្មស្វែងរកប្រភពចម្លង និងស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការចម្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងធ្វើយុទ្ធនាការអប់រំសុខភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

១. របៀបចម្លង៖

*វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នក ជំងឺអុតស្វានិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារ ស្លាបព្រាចាន កែវទឹក។ល។

* វីរុសអុតស្វា ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា។

២. វិធានការបង្ការការចម្លងជំងឺអុតស្ង៖

* អនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន។ * ចៀសវាងការប៉ះពាល់ផ្ទាល់ដូចជា ឱប ថើប ម៉ាស្សា និយាយជិតគ្នាជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអុតស្វា។

* ចៀសវាងការប៉ះពាល់ផ្ទាល់ ឬប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូកខ្នើយ៍ ឬកន្សែងពោះគោឬចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអុតស្វាប្រើប្រាស់។

* ចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់ របស់អ្នកជំងឺអុតស្វា។

* ពាក់ម៉ាសប្រសិនអ្នកនៅជិតអ្នកដែលមានរោគសញ្ញាជំងឺអុតស្វា។

* រក្សាអនាម័យផ្លូវដង្ហើម និងអនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ជែលលាងដៃ ឬអាល់កុលលាងដៃ។ * បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអុតស្វា ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ក្រមរជ្រុះអស់។

* បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអុតស្វា ត្រូវតែប្រើប្រាស់វិធានការការពារខ្លួនឱ្យបានសមស្រប។

* បុគ្គល មានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបាន ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វា ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអុតស្វាត្រូវទៅពិគ្រោះយោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះ ឬធ្វើតេស្តរកជំងឺអុតស្វ ឬទូរស័ព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់។

៣. ចំពោះបុគ្គលិកសុខាភិបាល៖

* លើកកម្ពស់ការយល់ដឹង និងការអប់រំអ្នកកំដរជំងឺ ព្រមទាំងអនុវត្តការបង្ការ និងត្រួតពិនិត្យការចម្លងរោគនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ស្របតាមលក្ខណៈបច្ចេកទេស ជាពិសេសមានការប្រុង ប្រយ័ត្នចំពោះការប៉ះពាល់និងតំណក់ទឹកតូចៗ ដោយប្រកាន់ខ្ជាប់ខ្ជួនចំពោះអនាម័យដៃ ឧបករណ៍ ការពារផ្ទាល់ខ្លួន ការចាប់កាន់បរិក្ខារវេជ្ជសាស្ត្រដែលមានមេរោគ ការបោកគក់ កាកសំណល់ដែលឆ្លង មេរោគឱ្យបានត្រឹមត្រូវ ព្រមទាំងការសម្អាតនិងសម្លាប់មេរោគលើផ្ទៃបរិស្ថានផងដែរ។

* គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពត្រូវប្រុងប្រយ័ត្ន និងតាមដានយ៉ាងហ្មត់ចត់ ចំពោះអ្នកជំងឺ ដែលមានចេញកន្ទួលពងរមាស់លើស្បែក ឬពងទឹកខុសពីធម្មតាមានគ្រុនក្តៅ និងមានរោគសញ្ញ ដូចបានរៀបរាប់ខាងលើនេះ សូមរាយការណ៍ឱ្យបានឆាប់បំផុត ដើម្បីបង្ការការចម្លងបន្តគ្នានៅ ក្នុងក្រុមគ្រួសារ និងសហគមន៍។

* អនុវត្តវិធានការការពារការឆ្លងពេលពិគ្រោះជំងឺ និងដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗនូវករណីសង្ស័យ ឬករណីបញ្ជាក់ថាមានជំងឺអុតស្វានៅក្នុងបន្ទប់ដាច់ដោយឡែកដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ និងបន្ទប់ទឹកដាច់ដោយឡែក។

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh៕

ដកស្រង់ពី៖ Fresh New