បណ្តាញសង្គម

កម្មវីធីរត់ប្រណាំង ៥ គ.ម CSX Fun Run 2023 ប្រមូលបានថវិកាសរុប ៧.៧៧៧ដុល្លារ បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

(ភ្នំពេញ)៖ កម្មវីធីរត់ប្រណាំង CSX Fun Run 2023 របស់ផ្សាមូលបត្រកម្ពុជា ក្រុមប្រធានបទ «រត់ដើម្បីកុមារកម្ពុជា» ប្រមូលបានថវិកាសរុប ៧.៧៧៧ដុល្លារ បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដោយមានការសហការជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីកីឡានិងសប្បុរសធម៌មួយនេះឡើង ដែលជាផ្នែកមួយនៃយុទ្ធនាការដើម្បីសង្គមប្រចាំឆ្នាំរបស់ផ្សារមូលបត្រកម្ពុជា ដោយមានការចូលរូមរត់ភ្ញៀវកិត្តិយស វិនិយោគិន និងសាធារណជនជាតិ និងអន្តរជាតិប្រមាណ ៧០០នាក់ ដែលកម្មវិធីរត់ប្រណាំងចំងាយ ៥គីឡូម៉ែត្រនេះ បានធ្វើការរៀបចំកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ។

ស្ថិតក្នុងការរៀបចំព្រឹត្តិការណ៍រត់ប្រណាំង CSX Fun Run 2023 របស់ផ្សាមូលបត្រកម្ពុជា ក្រុមប្រធានបទ «រត់ដើម្បីកុមារកម្ពុជា» បានប្រព្រឹត្តទៅក្រោមការអញ្ជើញជាអធិបតីភាពចូលរួមពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃនិយតករមូលបត្រកម្ពុជា និងឯកឧត្តម ហុង សហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃ ផ្សារមូលបត្រកម្ពុជា និងការចូលរួមពីសាស្ត្រាចារ្យមហាបរិញ្ញា Ky Santy តំណាងឯកឧត្តម ចន ណារិទ្ធិ អគ្គលេខាធិការនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ កម្មវិធីនេះបានរៀបចំឡើងក្នុងគោលបំណងធំៗ ៤ មានដូចជា

ទី១៖ បំផុសចលនាលេងកីឡា និងការធ្វើសកម្មភាពសប្បុរសធម៌

ទី២៖ កៀរគថវិកាដែលបានពីការលក់សំបុត្រដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ទី៣៖ បង្កបរិយាកាសជួបជុំគ្នារវាងថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃស្ថានប័នទាំងអស់ រួមជាមួយរិនិយោគិនក្នុងវិស័យមូលបត្រ និង

ទី៤៖ ផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីទីផ្សារមូលបត្រទីសាធារណជនទូទៅ ខណៈកម្មវិធីនេះបានបញ្ចប់ដោយរលូន និងមានភាពសប្យាយរីករាយប្រកបដោយ មិត្តភាព និងបានបន្សល់នូវបទពិសោធន៍ថ្មី ជាមួយការចងចាំដ៏ល្អ ក្នុងស្មារតីកីឡា និងការចែករំលែកតាមរយៈកិច្ចការសប្បុរសធម៌ដើម្បីសង្គម៕

ដកស្រង់ពី៖Fresh New