បណ្តាញសង្គម

ក្រសួងការងារ ចេញសេចក្តីជូនដំណឹងថា កម្ពុជាគ្មានកិច្ចព្រមព្រៀងបញ្ជូនពលករទៅអ៊ីស្រាអែល ខណៈដែលមានការប្រកាសរើសទៅអ៊ីស្រាអែល

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ បានចេញស្តីជូនដំណឹងដោយបញ្ជាក់ថា កម្ពុជា នៅមិនទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ។

ជាការចេញសេចក្តីជូនដំណឹង ក្រោយមានការជ្រើសរើសពលករទៅកាន់ប្រទេសអ៊ីស្រាអែលដោយខុសច្បាប់លើបណ្តាញតេឡេក្រាម។

សេចក្តីជូនដំណឹងរបស់ក្រសួងគូសបញ្ជាក់ថា៖ «ដើម្បីបង្ការនូវការឆបោករបស់ជនខិលខូច ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា កម្ពុជា នៅមិនទាន់មានកិច្ចព្រមព្រៀងស្ពីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ ដោយបច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងធ្វើការជាមួយភាគីអ៊ីស្រាអែល ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាស្តីពីការជ្រើសរើស និងការបញ្ជូនពលករ»។

បើតាមលិខិតដដែល ក្រសួង បានប្រកាសចាត់វិធានការផ្លូវច្បាប់ក្នុងករណីដែលពលរដ្ឋ បានឃើញ ឬមានការផ្សព្វផ្សាយជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសអ៊ីស្រាអែលក្នុងរូបភាពណាក៏ដោយ។

សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការជ្រើសរើស និង ការបញ្ជូនពលករទៅធ្វើការនៅបរទេសដោយខុសច្បាប់ គឺជាបទល្មើសជួញដូរមនុស្ស។

យ៉ាងណាក៏ដោយ ក្រសួងការងារ នឹងប្រកាសជូនដំណឹងដល់សាធារណជនក្នុងករណីមានកិច្ចព្រមព្រៀងបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលជាផ្លូវការនាពេលខាងមុខ៕

ដកស្រង់ពី៖Fresh New