បណ្តាញសង្គម

ក្រសួងរ៉ែ និងថាមពល ចេញសេចក្តីប្រកាសព័ត៌មាន អំពីយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែមាស អនាធិបតេយ្យ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មាន អំពីយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងរ៉ែ និងថាមពល ដែលមានមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ ជាសេនាធិការ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តត្បូងឃ្មុំបានបើកប្រតិបត្តិការដោះស្រាយទ្រង់ទ្រាយធំនៅលើទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យស្ថិត នៅក្នុងភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងតំបន់ភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ គឺជាតំបន់អាជីវកម្មរ៉ែមាសបែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៩០ ដែលមានប្រជាពលរដ្ឋមូលដ្ឋានប្រកបរបរជីកយកនិងរងមាសដោយដៃតាមលក្ខណៈគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃនិងឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយកន្លែងខ្លះមានជីករូងជាអណ្ដូងរ៉ែក្រោមដី។

បន្ទាប់ពីមើលឃើញអំពីបញ្ហាប្រឈមធ្ងន់ធ្ងរដល់សុវត្ថិភាព សុខភាព និងបរិស្ថាន ក្រសួងរ៉ែនិងថាមពល ដោយមានមន្ទីររ៉ែនិងថាមពលខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរដែនដី បានចុះអប់រំផ្សព្វផ្សាយជាច្រើនដង និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសកម្មភាពជីកយករ៉ែអនាធិបតេយ្យនៅតំបន់ខាងលើជាបន្តបន្ទាប់។

ជាក់ស្តែង នៅអំឡុងខែកញ្ញា ឆ្នាំ២០២១ និងខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបង្កើតជាក្រុមការងារចម្រុះថ្នាក់ខេត្តចុះអនុវត្តនូវវិធានការផ្សព្វផ្សាយទិដ្ឋភាពច្បាប់ដល់ ប្រជាពលរដ្ឋ និងធ្វើការបិទទីតាំងរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំមួយចំនួន ក្រោមការបញ្ជារបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ។

ប៉ុន្តែការបង្ក្រាបទីតាំងអាជីវកម្មរ៉ែអនាធិបតេយ្យនៅតំបន់នេះ នាពេលកន្លងមក ប្រៀបដូចជាការវែកចកដូច្នោះដែរ។ ជាក់ស្ដែង នាពេលបច្ចុប្បន្នសកម្មភាពអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅតំបន់នេះនៅតែកើតមាន ថែមទាំងមានការប្រើប្រាស់ឧបករណ៍ទំនើបៗ សារធាតុគីមី រំសេវជាតិផ្ទុះបំបែកថ្ម និងជីកលុងអណ្តូងរ៉ែ ក្រោមដីប្រកបដោយគ្រោះថ្នាក់បំផុត។

សកម្មភាពអាជីវកម្មអនាធិបតេយ្យនេះ កំពុងបង្កឲ្យមានការបាត់បង់ទ្រព្យសម្បត្តិ និងចំណូលជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុង និងក្រៅមូលដ្ឋាន។

ក្រសួងរ៉ែ និងថាមពល ប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឲ្យមានការធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែងនិងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសង្គមព្រមទាំងចូលរួមចំណែកអភិវឌ្ឍន៍ សហគមន៍មូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព ដោយមានការគាំទ្រនិងការការពារពីច្បាប់។

ក្នុងន័យនេះ ក្រសួងរ៉ែនិងថាមពល សូមថ្លែងអំណរគុណចំពោះសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមយន្តការលើកមុនៗ និងលើកនេះប្រកបដោយជោគជ័យ ហើយសូមថ្លែងអំណរគុណចំពោះបងប្អូន ប្រជាជលរដ្ឋពាក់ព័ន្ធ ដែលបានចូលរួមសហការ។

ឆ្លៀតឱកាសនេះ ក្រសួងរ៉ែនិងថាមពលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួងរ៉ែនិងថាមពល តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ០៩៥ ៧២៧ ៧២៧៕

ដកស្រង់ពី៖Fresh New