បណ្តាញសង្គម

ក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់បណ្តាលគណបក្សនយោបាយ អង្គការ សមាគម សង្គម ស៊ីវិល រួមគ្នាលុបបំបាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា

(ភ្នំពេញ)៖ ក្រុមយុវជនបណ្តុំអង្គការសង្គមស៊ីវិល សិស្ស និស្សិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា សម្តែងការសោកស្តាយ និងថោ្កលទោសចំពោះមេដឹកនាំក្រុមប្រឆាំងជ្រុលនិយមដែលតែងតែយកសមាជិក សមាជិការបស់ខ្លួនមកចូលរួមធ្វើអំពើខុសច្បាប់ជាចរិកនយោយបាយ ដែលមិនបានហុចផលជូនសង្គមជាតិ ជាក់ស្តែងមានមេដឹកនាំក្រុមប្រឆាំងជាទណ្ឌិតរស់នៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ បង្កើតគោលនយោបាយ ភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតសកម្មជនរបស់ខ្លួនឱ្យជឿលង់មនោគមវិជ្ជាខ្មៅកខ្វក់ បង្កើតបញ្ហាផ្សេងៗរាប់មិនអស់។

នយោបាយក្រុមប្រឆាំង គឺរាប់សិបឆ្នាំមកនេះមិនដែលបានផ្តល់ផលចំណេញជូនជាតិនោះទេមានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌នយោបាយល្អៗហើយបង្កើតនូវវប្បធម៌នយោបាយអាក្រក់ក្នុងរូបភាពដដែលៗ។

កន្លងមកមុនការបោះឆ្នោតនីតិកាលទី៧ និងរហូតមកពេលបច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុល បានចេញសារគំរាមក្នុងន័យនយោបាយទុច្ចរិកខ្មៅកខ្វក់ ទន្ទឹមប្រទេសកម្ពុជាកំពុងមាន សុខសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញ ពិសេសការបង្កើតមហាព្រឹត្តការណ៍ ដ៏អស្ចារ្យក្នុងប្រវត្តសាស្រ្តកម្ពុជាផងនោះ យើងគួរតែនាំគ្នាអបអរសាទរ និងចូលរួមលើវិថីសន្តិភាព។

រយៈពេលនេះជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០។

ក្នុងន័យនេះកម្ពុជា ត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។

បណ្តុំអង្គការសង្គមស៊ីវិល សូមអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយម ដូចខាងក្រោម៖

* បញ្ឈប់រាល់សារនយោបាយណាដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ

* កុំយកសកម្មជនរបស់ខ្លួនធ្វើជាខែលដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងនិតិវិធីច្បាប់

* ចូលរួមសាទរនឹងមហាព្រឹតិ្តការណ៍នានាដ៏អស្ចារ្យរបស់កម្ពុជា ដើម្បីលើកមុខមាត់ជាជាងអង្គុយតែបន្ទុះបង្អាប់

* គោរពស្ថាប័នជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងនាមជាយុវជនសង្គមស៉ីវិល អំពាវនាវម្ដងហើយម្ដងទៀតដល់ សកម្មជនប្រឆាំង សូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសកសាងសង្គមជាតិរួមគ្នា។

សូមកុំបណ្ដោយខ្លួនឱ្យជាក្លាយជាឈ្នាន់នយោបាយដែរអាចបណ្ដាលឱ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ ពិសេសសូមអំពាវនាវដល់បណ្តាលគណបក្សនៅក្នុងប្រទេសកម្ពុជាទាំងអស់ រួបរួមគ្នាលុបបំបាត់នយោបាយបំបែកបំបាក់ ទុច្ចរិត និងខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឲ្យអស់ចេញពីកម្ពុជា៕

ដកស្រង់ពី៖Fresh New