បណ្តាញសង្គម

ក្រសួងបរិស្ថាន ចេញសេចក្តីប្រកាសព័ត៌មានពីស្ថានភាពគុណភាពខ្យល់ និងវិធានការទប់ស្កាត់ការបំពុលខ្យល់, គុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា របបខ្យល់មូសុងកំពុងបក់ពីទិសខាងជើងមកទិសខាងត្បូងនារដូវនេះ ក្រសួងបាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើគុណភាពខ្យល់ ដោយប្រើឧបករណ៍ និងស្ថានីយ ត្រួតពិនិត្យគុណភាពខ្យល់បំពាក់នៅទូទាំងប្រទេសចំនួន៥១ទីតាំង។

តាមរយៈសេចក្តីជូនដំណឹងដែលណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា៖ «ជាលទ្ធផលគិតមកត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ គឺកម្រិតភាគល្អិតនិចល PM 2.5 ស្ថិតចន្លោះពី ១៨,០៣ ug/m° ទៅ ២១,៤៣ ug/m ដែលទាបជាងកម្រិតស្ដង់ដារកំណត់ គឺ ៥០ ug/ma ជាមធ្យមក្នុងរយៈពេល២៤ម៉ោង»។

ទន្ទឹមនឹងនេះ ដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុនៅក្នុងរដូវប្រាំងនេះ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងដល់អភិបាលរាជធានី-ខេត្ត ជំរុញការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈរួមមាន៖

ទី១៖ អប់រំណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជាំង សំរាម-សំណល់រឹង និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហ

ទី២៖ ចាត់វិធានការទប់ស្កាត់សកម្មភាពដុតរានព្រៃ ដុតវាលស្មៅ ដុតសំណល់កសិកម្ម ដុតសំរាម សំណល់រឹងនៅទីចំហ និងការឆេះទីលានចាក់សំរាម

ទី៣៖ ចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋាន សំណង់ និងការដឹកជញ្ជូនសម្ភារសំណង់ និងទី៤៖ ធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ។

ជាមួយគ្នានេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ក៏បានចេញសេចក្តីជូនដំណឹងស្តីពី វិធានការការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃ ដល់គ្រប់ស្ថាប័នមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ ក្រោមជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហគមន៍ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ឱ្យបានយល់ច្បាស់ពីករណីកិច្ចក្នុងការការពារ ទប់ស្កាត់ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃ ដោយរួមសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពជំនាញក្រោមឱវាទក្រសួងទាំងពីរ៕

ដកស្រង់ពី៖Fresh New