បណ្តាញសង្គម

សាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រឿងញៀនទម្ងន់ជិត ៣គីឡូក្រាម ចំនួន២នាក់ ដាក់ពន្ធនាគារមួយជីវិត

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រឿងញៀនទម្ងន់ជិត៣គីឡូក្រាម ចំនួន២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត។ នេះបើតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ លើករណីពាក់ព័ន្ធនឹងរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានទម្ងន់ ២.៨៩៤,៣៥ ក្រាម ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥៩៨៣ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ពេលសវនាការក្រុមប្រឹក្សាជំនុំជម្រះ បានពិនិត្យភស្តុតាង និងលទ្ធផលកោសល្យវិច័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ជាគ្រឿងញៀនប្រភេទក្រាមម្សៅថ្លាមេតំហ្វេតាមីន ដែលមានកម្រិតភាពសុទ្ធ ៧២,០២% នៃទម្ងន់សរុប ស្ថិតក្នុង តារាងទី២ មាត្រា៥ ចំណាត់ថ្នាក់គ្រឿងញៀនដូចមានចែងលម្អិតក្នុងតារាងឧបសម្ព័ន្ធ នៃច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន ហើយក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជាសាធារណៈនូវសាលក្រមលេខ ៩៤ ក្រ១១ «ន» ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដោយបានសម្រេចផ្ដន្ទាទោសលើជនជាប់ចោទពីររូប រួមមាន៖

ទី១៖ ឈ្មោះ ឆៃ អារាំរាំ អាយុ៣៣ឆ្នាំ ទី២៖ ឈ្មោះ យឹម យីម៉េង អាយុ៣៥ឆ្នាំ ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ អស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៥០.០០០.០០០ រៀល ពីបទរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿង ញៀន ដែលប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ៣០អូ ផ្លូវលេខ២៦៥ ក្រុមទី៤២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២៕

ដកស្រង់ពី៖Fresh New