បណ្តាញសង្គម

មន្ដ្រីអាវុធហត្ថខេត្តក្រចេះ ដែលប្រើកាំភ្លើងខ្យល់បាញ់សត្វស្លាប នៅបឹងរំលាច ក្រុងក្រចេះ ត្រូវបានចាប់ខ្លួន

(ក្រចេះ)៖ បុរសម្នាក់ដែលប្រើប្រាស់កាំភ្លើងខ្យល់ បាញ់សម្លាប់សត្វស្លាប (សត្វកុក) នៅចំណុចបឹងរំលាច ស្ថិតក្នុងភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រចេះ ហើយត្រូវបានគេថតចែកចាយ ភ្ជាប់ជាមួយសាររិះគន់ពេញបណ្ដាញសង្គមនោះ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ត្រូវកម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនបានហើយ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានឲ្យដឹងថា បុគ្គលដែលប្រើប្រាស់កាំភ្លើងខ្យល់ បាញ់សម្លាប់សត្វកុកនេះ ឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ។

លោកបានបញ្ជាក់ទៀតថា អនុវត្តតាមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក្រចេះ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានព្រមគ្នានេះផងដែរ បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ទៅលើបុគ្គលរូបនេះ៕

ដកស្រង់ពី៖Fresh New