បណ្តាញសង្គម

និយ័តករមូលបត្រកម្ពុជា​នឹងចុះត្រួតពិនិត្យ​ការពង្រឹងអភិបាលកិច្ចក្រុមហ៊ុន​ស៊ីអាយស៊ី ផាតនើរ ដើម្បីធានា​ផលប្រយោជន៍របស់វិនិយោគិន

(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា ( ន. ម. ក.) នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានជូនដំណឹងដល់សាធារណជន និងវិនិយោគិនទាំងអស់របស់ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ មក. (ស៊ីអាយស៊ី ផាតនើរ) ទាក់ទងនឹងការទទួលបាននូវការរាយការណ៍ជាបន្តបន្ទាប់របស់ក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ អំពីស្ថានភាពវិបត្តិសន្ទនីយភាពសាច់ប្រាក់ពាក់ព័ន្ធនឹងការគ្រប់គ្រងមូលនិធិរបស់វិនិយោគិន។

និយ័តករមូលបត្រកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្ននេះ និយ័តករមូលបត្រកម្ពុជាបាន និងកំពុងដាក់ចេញនូវវិធានការ និងពិនិត្យបញ្ហានេះតាមយន្តការច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ជាមួយគ្នានេះ និយ័តករមូលបត្រកម្ពុជា បានផ្តល់នូវគោលការណ៍មិនជំទាស់លើសំណើរបស់ក្រុមហ៊ុនលើចំណាត់ការភ្លាមៗរបស់គណៈកម្មការស្ដារក្រុមហ៊ុននិងមូលនិធិ ដើម្បីគ្រប់គ្រងឱ្យបានមកវិញនូវទ្រព្យសកម្មទាំងអស់សម្រាប់ជាគុណប្រយោជន៍របស់វិនិយោគិន។

និយ័តករមូលបត្រកម្ពុជា បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ស៊ីអាយស៊ី ផាតធើរ បានផ្ដល់នូវរបាយការណ៍បច្ចុប្បន្នភាពលើការគ្រប់គ្រងទ្រព្យសកម្មមកវិញបានលើសពី៩០% នៃប្រាក់វិនិយោគរបស់វិនិយោគិន ដែលការណ៍នេះអនុញ្ញាតឱ្យការពារបាននូវភាគច្រើនបំផុតនៃផលប្រយោជន៍របស់វិនិយោគិន។

និយ័តករមូលបត្រកម្ពុជា នឹងបន្តតាមដានការអនុវត្តជំរុញការរៀបចំ និងគ្រប់គ្រងឱ្យបានដិតដល់លើការចាត់ចែងទ្រព្យសកម្មទាំងនេះ ដើម្បីជាគុណប្រយោជន៍របស់វិនិយោគិនទៅតាមយន្តការច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

និយ័តករមូលបត្រកម្ពុជា នឹងបន្តដាក់ចេញនូវយន្តការឃ្លាំមើល ចុះត្រួតពិនិត្យដល់ទីកន្លែង ការពង្រឹងអភិបាលកិច្ចក្រុមហ៊ុន ដើម្បីធានាថាផលប្រយោជន៍របស់វិនិយោគិន ត្រូវបានការពារស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន៕

ដកស្រង់ពី៖Fresh New