បណ្តាញសង្គម

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មានពីការឃុំខ្លួនជនត្រូវចោទ៤នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជាង២គីឡូក្រាម

(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធការឃុំខ្លូនជនត្រូវចោទ៤នាក់ ដាក់ពន្ធនាគារករណីជួញដូរគ្រឿងញៀនជាង២គីឡូក្រាម ដែលត្រូវបានកម្លាំងនគរបាលបង្ក្រាបបាននៅខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងចាត់ការសំណុំរឿងពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន មានទម្ងន់សរុប ២,១៥៤.២៧ក្រាម ដែលមានជនត្រូវចោទ៤នាក់។

ជនត្រូវចោទទាំង៤នាក់រួមមាន៖

ទី១៖ ឈ្មោះ ខុម ជ័យលាភី អាយុ២៤ឆ្នាំ

ទី២៖ ឈ្មោះ អ៊ូ ច័ន្ទសុភ័គរតនា ភេទស្រី អាយុ២៤ឆ្នាំ

ទី៣៖ ឈ្មោះ ផាន សុខហេង អាយុ៣២ឆ្នាំ

ទី៤៖ ឈ្មោះ ជឹង ដាវីត អាយុ២៤ឆ្នាំ។

ជនត្រូវចោទម្នាក់ទៀត ព្រមទាំងបក្ខពួកកំពុងរត់គេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ «រក្សាទុក ដឹកជញ្ជូន ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញត» ប្រព្រឹត្តនៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងសង្កាត់ច្រាំងចំរោះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤០ មាត្រា៤៥ មាត្រា៤៨ នៃច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២០ នៃច្បាប់ស្តីពីកាគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទចំនួន៤នាក់ ដាក់ពន្ធនាគារ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖Fresh New