បណ្តាញសង្គម

សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសចិនតៃវ៉ាន់២នាក់ ករណីជួញដូរគ្រឿងញៀនជិត៨០០គីឡូក្រាមម្នាក់ៗ២០ឆ្នាំ

(ភ្នំពេញ)៖ សាលាដំបូរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានអំពីការសម្រេចផ្ដន្ទាទោសជនជាតិចិនតៃវ៉ាន់ ចំនួន២នាក់ ដោយដាក់ពន្ធនាគារម្នាក់២០ឆ្នាំ ករណីជួញដូរគ្រឿងញៀនជិត៨០០គីឡូក្រាម។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានតាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូង រាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌ លេខ៤២០៧ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោល លើជនជាប់ចោទភាគីពាក់ព័ន្ធ បានពិនិត្យអង្គហេតុ អង្គច្បាប់ និងភស្តុតាងសព្វគ្រប់រួចមក ក្រុមប្រឹក្សាជំនុំជម្រះរកឃើញថា ជនជាប់ចោទ ០២នាក់គឺ ១៖ឈ្មោះ AN CHI WEI ភេទប្រុស អាយុ៣២ឆ្នាំ និង២៖ឈ្មោះ TUAN CHONG YUE ជាភេទប្រុស អាយុ២៥ឆ្នាំ មានភស្តុតាងគ្រប់គ្រាន់ ថាបានប្រព្រឹត្តអំពើរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងសម្អាតប្រាក់ និងបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗកំណត់ ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០,០០០,០០០រៀល។

ដោយឡែកជនជាប់ចោទចំនួន០៥នាក់ តុលាការរកឃើញថា មិនបានចូលរួមប្រព្រឹត្តបទល្មើសជាមួយជនជាប់ចោទឈ្មោះ AN CHI WEI និងឈ្មោះ TUAN CHONG YUE នោះទេ ក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចឲ្យរួចខ្លួនពីបទចោទ ផ្អែកតាមមាត្រា ៣៥០ កថាខណ្ឌទី៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ចំពោះវត្ថុតាងថ្នាំញៀនប្រភេទកេតតាមីន រថយន្តចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿង និងទូរស័ព្ទចំនួន០២គ្រឿងដែលពាក់ព័ន្ធនឹងបទល្មើស ត្រូវបានសម្រេចរឹបអូស។

ដកស្រង់ពី៖Fresh New