បណ្តាញសង្គម

«កំពង់ស្ពឺសង្ក្រាន្ត» នៅខេត្តកំពង់ស្ពឺ មានពិធីប្រណាំងរទេះសាឡីគោលឿន រកជើងឯកប្រចាំឆ្នាំ២០២៤

(កំពង់ស្ពឺ)៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីការរៀបចំ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស ២០២៤ ផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងរក្សានូវទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ដោយមានការសហការរៀបចំពី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត នឹងរៀបចំ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៤ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា កម្មវិធីនេះមានការរៀបចំលេងល្បែងប្រជាប្រិយនៅភូមិល្បែងប្រជាប្រិយ កម្មវិធីប្រលងចម្រៀង និងការលេងកម្សាន្តផ្សេងៗនៅភូមិសំនៀងឯកនៅបរិវេណសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត ការលេង កម្សាន្តនៅភូមិប្រដាល់ធ្លាក់ទឹកនៅខាងមុខវេទិកាអ៊ុំទូក និងការចូលរួមកម្សាន្តនៅភូមិត្រជាក់ចិត្តបរិវេណ វិមានឯករាជ្យ ព្រមទាំងកម្មវិធីកម្សាន្តសប្បាយផ្សេងៗទៀតនាពេលរាត្រីដូចជា ប្រដាល់គុណខ្មែរនៅមណ្ឌល កីឡាខេត្ត និងការប្រគុំតន្ត្រី។ ជាមួយគ្នានេះ នៅតាមវត្តអារាមនានាក៏មានការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងការលេងល្បែងប្រជាប្រិយផងដែរ។

ទន្ទឹមនេះ ដោយមានការសហការរៀបចំពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ នឹងរៀបចំ ពិធី «ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤» ដើម្បីចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ស្របតាមបរិបទ នៃសង្គមបច្ចុប្បន្ននូវប្រពៃណីប្រណាំងរទេះសាឡីគោលឿននៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។

ពិធីនេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨៖០០នាទីព្រឹក ស្ថិតនៅក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ៕

ដកស្រង់ពី៖Fresh New